លោក Pep Muñoz គ្រូបង្គោលក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានលើកឡើងក្រោយជំនួបយកឈ្នះណាហ្គាវើលដ៍ សប្ដាហ៍ទី៥ កាលពីថ្ងៃទី១៨ កញ្ញា ឆ្នាំ២០២៤ថា ជួបណាហ្គាវើលដ៍ គឺជាការប្រកួតដ៏តានតឹង យើងដឹងហើយថាក្រុមណាហ្គាវើលដ៍ គឺជាក្រុមដែលមានគុណភាពល្អ នៅក្នុងរដូវកាលនេះ ។

លោក Pep Muñoz បន្តថា សម្រាប់ការប្រកួតនៅតង់ទី១ ក្រុមរបស់យើងបានបណ្ដោយឱ្យណាហ្គាវើលដ៍មានឱកាស ២ធំៗ ដូចនេះយើងត្រូវបង្កើតឱកាសទាត់បញ្ចូលទីគេដូចគ្នា។ នៅតង់ទី២ ណាហ្គាវើលដ៍នៅតែមានឱកាសបន្ថែមទៀត តែក្រុមរបស់យើងធ្វើបានល្អជាង ។ គ្រូបង្គោលក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង រូបនេះ ក៏បានលើកសសើរទៅកាន់ក្រុមរបស់ណាហ្គាវើដលដ៍ ដែលលេងបានល្អនៅក្នុងរដូវកាលនេះ ជាក្រុមដែលមានគុណភាពខ្ពស់ ហើយលោកក៏ចង់ឱ្យមានក្រុមដូចនេះច្រើននៅក្នុងការប្រកួតលីគកម្ពុជា ។

គួរដឹងថា ក្រុមព្រះខ័នរាជស្វាយរៀង ក្រោមការដឹកនាំរបស់លោក Pep Muñoz បន្តរកបានជ័យជម្នះ៤ប្រកួត និងចាញ់ ១ ក្រោយឆ្លងកាត់ ៥សប្ដាហ៍រួមមក ដោយទី១ ឈ្នះ Tiffy Army ក្នុងលទ្ធផល ៧ទល់និង០, ឈ្នះ ក្រុម អាយអេសអាយ ដង្កោសែនជ័យ ក្នុងលទ្ធផល ៤ទល់១ ,ទី៣ ឈ្នះក្រុមគិរីវង់សុខសែនជ័យ ក្នុងលទ្ធផល ៦ទល់និង១ ,ទី៤ បានចាញ់វិសាខា ក្នុងលទ្ធផល ១ទល់និង០ និងចុងក្រោយយកឈ្នះណាហ្គាវើលដ៍ ក្នុងលទ្ធផល ២ទល់និង០ នៅកីឡដ្ឋានខេត្តស្វាយរៀង ៕