ខេត្តបន្ទាយមានជ័យ ៖ 

ស្រីចំណាស់ម្នាក់ ជិះម៉ូតូឈប់ពីក្រោយឡានដឹកមេស៊ីម៉ង់ត៍ ត្រូវរថយន្ត ថយកិន បណ្តាលឲ្យស្លាប់ភ្លាមៗមួយរំពេច ហើយហេតុការណ៍នេះ កើតឡើងនៅល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅពីមុខក្រុមហ៊ុនលាយស៊ីម៉ង់ត៍មួយកន្លែងនៅក្នុង ភូមិ ទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

អ្នកឃើញហេតុការណ៍ បានប្រាប់ឲ្យដឹងថា៖នៅពេលកើតហេតុ ស្ត្រីម្នាក់ បានជិះម៉ូតូវេវសេរីចាស់ មួយគ្រឿង ឈប់ពីក្រោយរថយន្តដឹកមេស៊ីម៉ត៍ស្លាកលេខ ព្រះសីហនុ 3A-7209។  ពេលរថយន្តថយ គាត់ បានចុចស៊ីភ្លេរម៉ូតូដែរ តែទំនងខាងអ្នកបើកបររថយន្តដឹកមេស៊ីម៉ង់ត៍ មិនឮ ហើយក៏មិនឃើញ ព្រោះគាត់ចតពីក្រោយរថយន្ត មើលកញ្ចក់ចំហៀងមិនឃើញ ទើបថយកិន។ ចំណែកស្ត្រីខាងលើ ទំនងបែបស្លន់ខ្លាំងពេក ទើបមិនព្រមគេចខ្លួន បណ្តាលឲ្យរថយន្តថយកិនបែកខ្លួនប្រាណស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងម៉ូតូខូចខាតខ្ចេចតែម្តង ។

សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកក្រុងប៉ោយប៉ែត បានប្រាប់ថា៖មូលហេតុគ្រោះថ្នាក់ កើតឡើង ដោយសាររថយន្ដដឹកមេស៊ីម៉ងត៍ដែលមកពីភ្នំពេញចែកចាយឲ្យក្រុមហ៊ុន ក្រឡុកស៊ីម៉ងត៍នៅក្រុងប៉ោយប៉ែត ថយមិនឃើញស្រីចំណាស់ម្នាក់ អាយុជាង ៥០ឆ្នាំ ជិះម៉ូតូមកចតពីក្រោយ ទើបរថយន្តថយកិន រួចហើយ បើកទៅមុខកិនមួយសារទៀត បែកក្បាល ខ្ទេចខ្លួនប្រាណបាត់បង់ជីវិតភ្លាមៗ ចំណែកអ្នកបើកបររថយន្តបង្ក ចុះរត់គេច ខ្លួនបាត់ បន្សល់នៅតែរថយន្ត ។

ក្រោយពីសមត្ថកិច្ចជំនាញធ្វើការវាស់វែងរួចហើយ បានប្រគល់សាកសពឲ្យសាច់ញាតិ ដឹកតាមរថយន្តក្រុមសង្គ្រោះបឋមក្រុងប៉ោយប៉ែត យកទៅផ្ទះធ្វើបុណ្យតាមប្រពៃណីយ៍ ចំណែកម៉ូតូនិងរថយន្តបង្ក ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុង ប៉ោយប៉ែត ដើម្បីស្រាវជ្រាវរកខាងភាគីរថយន្តអនុវត្តទៅតាមនីតិវិធីនៅពេលក្រោយ ៕