ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ដ្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃទី២៩ ខែតុលានេះ បានអញ្ជើញជាអធិបតីក្នុងការប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ ក្រោមមូលបទ «យើងរួមគ្នាលើកស្ទួយជួយគុនខ្មែរ» នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ ។

ថ្លែងបើកការប្រកួត ឯកឧត្តមបណ្ឌិត ថោង ខុន បានសម្ដែងនូវសេចក្ដីសោមនស្សយ៉ាងក្រៃលែង ដោយបានទទួលការចាត់តាំងដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ចូលរួមការប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ ដែលរៀបចំឡើងក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយថាមពល និងទស្សនវិស័យទំនើបជឿនលឿនរបស់សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក្នុងទិសដៅ “រួមគ្នាក្នុងធ្លុងមហាសាមគ្គីជាតិខ្មែរ” ដើម្បីអភិរក្ស និងអភិវឌ្ឍវិស័យប្រដាល់គុនខ្មែរ ។

ឯកឧត្តមទេសរដ្ឋមន្ដ្រី បានមានប្រសាសន៍ថា ការរៀបចំព្រឹត្តិការណ៍ប្រកួតនេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការរួមចំណែកលើកស្ទួយកីឡាប្រដាល់គុនខ្មែរ ដែលជាយុទ្ធគុនខ្មែរបុរាណរបស់បុព្វបុរសដូនតាខ្មែរ បានបន្សល់ទុកឲ្យកូនចៅជំនាន់ក្រោយប្រើប្រាស់ ជាមូលដ្ឋាន ដ្បិតប្រដាល់គុនខ្មែរ បានរួមចំណែកយ៉ាងខ្លាំង ក្នុងការលើកស្ទួយកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។ជាក់ស្ដែងកីឡាករ-កីឡាការិនីប្រដាល់គុនខ្មែរកម្ពុជា បានបង្កើតកំណត់ត្រាប្រវត្តិសាស្រ្តថ្មីរបស់ខ្លួន ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដោយដណ្តើមបានមេដាយមាស ១៤គ្រឿង, មេដាយប្រាក់ ៣គ្រឿង និងមេដាយសំរឹទ្ធ ២គ្រឿង សរុប ១៩គ្រឿង និងជាប្រភេទកីឡាដែលដណ្តើមបានមេដាយមាសច្រើនជាងគេក្នុងចំណោមប្រភេទកីឡា ដែលកម្ពុជាចូលរួមប្រកួត ។ 

ក្រៅពីជោគជ័យជាប្រវត្តិសាស្រ្តនេះ កម្ពុជាក៏មានមោទនភាពដោយក្រុមប្រឹក្សាកីឡាស៊ីហ្គេម បានសម្រេចដាក់បញ្ចូលកីឡាប្រដាល់គុនខ្មែរទៅក្នុងបញ្ជីកីឡាជាផ្លូវការសម្រាប់ប្រកួតកីឡាស៊ីហ្គេម ដែលជាកាលានុវត្តភាពថ្មីបន្ថែមទៀតក្នុងការជំរុញលើកកម្ពស់ប្រដាល់គុនខ្មែរនៅលើឆាកអន្តរជាតិ។ឯកឧត្តមបណ្ឌិត ថោង ខុន បានបន្ដថា «បន្ទាប់ពីទទួលបានជោគជ័យជាប្រវត្តិសាស្រ្តក្នុងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ រួចមក កីឡាប្រដាល់គុនខ្មែរ បានពង្រីកប្រជាប្រិយភាពរបស់ខ្លួន និងមានការគាំទ្រយ៉ាងខ្លាំងពីចលនាអូឡាំពិកអន្តរជាតិ ដោយគិតមកដល់ថ្ងៃនេះ គឺមានសហព័ន្ធជាតិចំនួន ៦០ប្រទេស នៃទ្វីបទាំង៥ បានក្លាយជាសមាជិកពេញសិទ្ធរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្តរជាតិ។ ជាមួយគ្នានេះ ខេត្តសៀមរាបក៏នឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាប្រដាល់គុនខ្មែរ ជើងឯកពិភពលោក ឆ្នាំ២០២៤ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ ដែលនឹងមានកីឡាករ-កីឡាការិនីប្រដាល់គុនខ្មែរមកពីជុំវិញពិភពលោកចូលរួមប្រកួតផងដែរ»  ។

តាមរយៈព្រឹត្តិការណ៍ខាងលើនេះដែរ ឯកឧត្តមបណ្ឌិត ថោង ខុន បានថ្លែងកោតសរសើរចំពោះសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងសហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្តរជាតិ ដែលបានខិតខំជំរុញអភិវឌ្ឍកីឡាប្រដាល់គុនខ្មែរឲ្យក្លាយជាប្រភេទកីឡាដ៏មានសក្តានុពល និងមានប្រជាប្រិយភាពទាំងក្នុងប្រទេស និងអន្តរជាតិ ។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានផ្តាំផ្ញើដល់សហព័ន្ធទាំងពីរ ត្រូវបន្តកិច្ចសហការជំរុញអភិវឌ្ឍកីឡាប្រដាល់គុនខ្មែរឲ្យកាន់តែមានភាពល្បីល្បាញបន្ថែមទៀត ដើម្បីអាចឈានទៅស្នើសុំឲ្យគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ទទួលស្គាល់កីឡាប្រដាល់គុនខ្មែរជាផ្លូវការ និងអាចដាក់បញ្ចូលទៅក្នុងការប្រកួតកីឡាអូឡាំពិក នាពេលអនាគត ។ 

ចុងក្រោយជំនួសមុខឲ្យគណៈកម្មការរៀបចំការប្រកួត និងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ឯកឧត្តមទេសរដ្ឋមន្ដ្រី ថោង ខុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលបានចូលរួមបរិច្ចាគថវិកាគាំទ្រដល់មូលនិធិគុនខ្មែរ ព្រមទាំងអរគុណដល់សប្បុរសជនផ្សេងៗទៀត ដែលបានចូលរួមគាំទ្រដល់មូលនិធិគុនខ្មែរ តាមរយៈការប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌នេះ ។ 

សម្រាប់ការប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ ក្រោមមូលបទ «យើងរួមគ្នាលើកស្ទួយជួយគុនខ្មែរ» នៅល្ងាចថ្ងៃទី២៩ ខែតុលានេះ គឺមាន ២ប្រកួត ក្នុងនោះប្រកួតទី១ ក្រុមបាល់ទាត់តារាកម្ពុជា (ឈុត B) ជួបក្រុមអ្នកអត្ថាធិប្បាយប្រដាល់គុនខ្មែរ និប្រកួតទី២ ក្រុមបាល់ទាត់តារាកម្ពុជា (ឈុត A) ជួបក្រុមកីឡាប្រដាល់គុនខ្មែរ ៕