ខេត្តកណ្តាល ៖
ករណីគ្រោះចរាចរណ៍មួយ បង្កអោយអ្នកជិះម៉ូតូម្នាក់ជិះឆ្លងផ្លូវ ត្រូវរងរបួសបាក់ជើង និង ម្នាក់ទៀតជិះម៉ូតូផ្លូវត្រង់ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យទាំងពីរនាក់ កាលពីវេលាម៉ោង១៣និង១០នាទីថ្ងៃទី៣០ខែតុលាឆ្នាំ២០២៤នៅចំណុច លើកំណាត់ផ្លូវជាតិលេខ21 ស្ថិតក្នុងភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។
សមត្ថកិច្ចជំនាញចររាចរណ៍ជើងគោកនៃអធិការដ្ឋាននគរបាលស្រុកស្អាង បានប្រាប់អោយដឹងថាមុនពេលកើតហេតុ មានម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដាល 1V-3826 បើកបរដោយឈ្មោះ វន សុខឃឹម ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន មានទីលំនៅភូមិព្រែករាំង ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល បានឆ្លងផ្លូវក្នុងទិសដៅពីលិចទៅកើត ។
ពេលបើកបរឆ្លងផ្លូវ មកដល់ចំណុចកើតហេតុ ពេលនោះស្រាប់តែមានម៉ូតូមួយគ្រឿង ម៉ាក ស៊ុយហ្ស៊ុគី ស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដាល1O-4037 បើកបរដោយឈ្មោះ សុង តៃលាង ភេទប្រុស អាយុ ៤៩ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន មានទីលំនៅភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល ដែលបើកបរក្នុងទិសដៅពីជើងទៅត្បូង (តាខ្មៅ-កោះធំ) ក៏បានមកបុកជាមួយម៉ូតូ ហុងដាឌ្រីម C125 ដែលបើកឆ្លងផ្លូវខាងលើ បណ្ដាលឲ្យម៉ូតូទាំងពីរដួល ដោយបណ្ដាលឲ្យអ្នកបើកបរម៉ូតូហុងដាឌ្រីម រងរបួសធ្ងន់និងអ្នកបើកបរម៉ូតូ ស៊ុយហ្ស៊ុគី ស្មាស់ រងរបួសធ្ងន់ បាក់ជើង ។
តាមការសន្និដ្ឋានបឋម បានឲ្យដឹងថាករណីនេះ បណ្ដាលមកពីអ្នកបើកបរម៉ូតូ ហុងដា ឌ្រីម C125 មានការធ្វេសប្រហែស មិនបានពិនិត្យមើលស្ថានភាពផ្លូវ មុនពេលបើកឆ្លងផ្លូវ ទើបបណ្ដាលឱ្យគ្រោះថ្នាក់កើតឡើង ៕