រាជធានីភ្នំពេញ ៖
បុរសម្នាក់ បានបើករថយន្តម៉ាកLexus RX300 មួយគ្រឿង បើកប្រណាំងគ្នាលើដងផ្លូវជាមួយរថយន្ត Lexus មួយគ្រឿងទៀតក្នុងល្បឿនលឿន បណ្តាលឲ្យរថយន្តបង្ក រេចង្កូតជ្រុលទៅបុករះម៉ូតូ រួចបន្តទៅបុកកង់បី២គ្រឿងបន្ថែមទៀត បណ្តាលឲ្យបុរសម្នាក់ជានាយករងសាលាបែលធី ហោះឡើងលើធ្លាក់មកក្រោម បោកនិងផ្លូវស្លាប់ភ្លាមៗ ។
គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣:១៥នាទីទៀបភ្លឺឈានចូលថ្ងៃទី២៩ ខែវិច្ឆិកា ២០២៤ ចំណុចក្បែរក្លឹបមីតណាយ ស្ថិតនៅផ្លូវ វេងស្រេង សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ។ សពជនរងគ្រោះ ឈ្មោះ ហម សុខឃៀង អាយុ២៥ឆ្នាំ មុខរបរ ជានាយករងសាលាបែលធីមួយកន្លែង បច្ចុប្បន្ន រស់នៅរាជធានីភ្នំពេញ ។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញរថយន្តចំនួន២គ្រឿង មួយគ្រឿងម៉ាក Lexus RX300 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AB-6691 បើកបរដោយបុរសម្នាក់ និងមួយគ្រឿងទៀត ម៉ាក Lexus LX470 ពណ៌ស ពាក់ស្លាកលេខកណ្តាល 2D-0277 បានបើកប្រដេញគ្នាតាមដងផ្លូវ វេងស្រេង ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿនដូចហោះ។ ខណៈពេលបើកមកដល់ចំណុចកើតហេតុ មុខនិងក្លឹប មីតណាយ ក៏រថយន្តបង្កម៉ាក Lexus RX300 បានរេចង្កូតជ្រុលទៅបុករះម៉ូតូម៉ាក PCX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1KV-9152 បើកដោយបុរសរងគ្រោះម្នាក់ចំពីក្រោយ យ៉ាងពេញទំហឹង បណ្តាលឲ្យជនរងគ្រោះប៉ើងឡើងលើធ្លាក់មកក្រោម បោកក្បាលស្លាប់ភ្លាមៗ ហើយរថយន្តបង្ក បន្តទៅបុករះកង់បីឥណ្ឌាចំនួន២គ្រឿងទៀត មួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1IB-6774 និងមួយគ្រឿងទៀត ពណ៌សដូចគ្នាពាក់ស្លាកលេខ កំពង់ឆ្នាំង 1J-2027 ដែលចតចោលនៅលើដងផ្លូវ វេងស្រេង រងការខូចខាតធ្ងន់ធ្ងរ ហើយ ពេលនោះដែរ រថយន្តម៉ាកLexusLX470 បានបន្តល្បឿនបើកគេចខ្លួនបាត់ស្រមោល ។
ចំណែកឯអ្នកបើករថយន្តបង្ក ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនយកទៅប៉ុស្តិ៍នគរបាលសង្កាត់ចោមចៅទី១សួរនាំបន្ត ។ បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ចុះបានទាក់ទងទៅមន្ត្រីជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែងយករថយន្តនិងម៉ូតូ ទៅរក្សាទុករង់ចាំការដោះស្រាយ នៅពេលក្រោយ ។ ចំណែកសព សមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕