ដោយទទួលគោលការណ៍ពី ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានជួបប្រជុំជាមួយថ្នាក់ដឹកនាំសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដើម្បីពិនិត្យយន្ដការសំខាន់ៗចំនួន ២ ទី១-ពិនិត្យយន្ដការរៀបចំនីតិវិធីគ្រប់គ្រងមូលនិធិអភិវឌ្ឍន៍គុនខ្មែរ និងទី២-ពិនិត្យយន្ដការនៃការរៀបចំមហាសន្និបាតបញ្ចប់អាណត្តិទី៧ (ឆ្នាំ២០២១-២០២៥) ដើម្បីធានាបាននូវសមាជិកភាព ដែលទទួលស្គាល់ដោយ ក្រសួង និង គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
កិច្ចប្រជុំនេះ ធ្វើឡើងនៅ មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ដែលដឹកនាំដោយ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា និងជា អគ្គលេខាធិការ NOCC និងមានការចូលរួមពី ឯកឧត្តម ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា ព្រមទាំងឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាគុនខ្មែរបច្ចុប្បន្ន ដែលទើកកាន់ដំណែងចុងអាណត្តិនេះផងដែរ ។
ឯកឧត្តម វ៉ាត់ ចំរើន បានថ្លែងប្រាប់អ្នកសារព័ត៌មានថា កិច្ចប្រជុំនេះ ធ្វើឡើងតាមការណែនាំរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ដើម្បីធ្វើរបាយការណ៍ជូន ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី និងជូនរាជរដ្ឋាភិបាល ក៏ដូចជាធ្វើរបាយការណ៍ជូន សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អំពីដំណើរការយន្ដការ នៃការរៀបចំនីតិវិធីគ្រប់គ្រងមូលនិធិអភិវឌ្ឍន៍គុនខ្មែរ ដែលទទួលបានថវិកាមួយចំនួនពី ការរៀបចំបាល់ទាត់មិត្តភាពសប្បុរសធម៌ ក្រោមមូលបទ «យើងរួមគ្នាលើកស្ទួយជួយគុនខ្មែរ» រៀបចំឡើងក្រោមការផ្ដួចផ្ដើមគំនិតដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ កាលពីចុងខែតុលា ឆ្នាំ២០២៤ ក្នុងគោលបំណងជួយគាំទ្រដល់វិស័យគុនខ្មែរ ។
មួយវិញទៀត គឺការពិភាក្សាអំពីយន្ដការ នៃការរៀបចំមហាសន្និបាតបញ្ចប់អាណត្តិទី៧ របស់សហព័ន្ធ ក្រោយសំណើសុំជួបសម្ដែងការគួរសម និងសុំអនុសាសន៍ណែនាំពី រដ្ឋមន្ដ្រី ក្រសួងអប់រំ ដោយថ្នាក់ដឹកនាំសហព័ន្ធ ហើយត្រូវបាន ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អនុញ្ញាតឲ្យ រដ្ឋលេខាធិការទទួលបន្ទុក និងថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន ធ្វើការងារនេះ និងពិនិត្យមើលយន្ដការរបស់ សហព័ន្ធ ក្នុងនាមសហព័ន្ធកីឡាអត្តសញ្ញាណជាតិមួយ ដែលត្រូវគោរពនូវលក្ខន្ដិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់ សហព័ន្ធ ឲ្យបានត្រឹមត្រូវ ស្របតាមលិខិតបទដ្ឋានគតិយុត្តិរបស់ ក្រសួងអប់រំ យុវជន និងកីឡា និង NOCC ជាដើម ។
ពាក់ព័ន្ធនឹងការរៀបចំមហាសន្និបាតនេះដែរ ក្រសួងបានពន្លឿនសហព័ន្ធក្នុងការរៀបចំ ដ្បិតសមាជិកភាព នៃសមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាប្រដាល់គុនខ្មែរ អាណត្តិទី៧ ដែលក្រសួងបានប្រកាសទទួលស្គាល់ នឹងត្រូវបញ្ចប់នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីធានានូវសមាជិកភាពរបស់ខ្លួន ព្រោះកាលណាផុតសុពលភាព សហព័ន្ធ ត្រូវរងឥទ្ធិពលលើដំណើរការឧបត្ថម្ភគាំទ្រពី ក្រសួង និង NOCC ជាដើម ។នេះគឺជាយន្ដការរួម ដែលគ្រប់សហព័ន្ធកីឡាជាតិត្រូវអនុវត្ត ដើម្បីតម្លាភាព ក្នុងការដឹកនាំគ្រប់គ្រង ប្រកបដោយអភិបាលកិច្ចល្អ ។
លើសពីនេះ ឯកឧត្តម វ៉ាត់ ចំរើន បានណែនាំដល់សហព័ន្ធ ត្រូវមានការឯកភាពផ្ទៃក្នុង ក្នុងយន្ដការរៀបចំមហាសន្និបាតបញ្ចប់អាណត្តិ ដើម្បីសម្រេចបាននូវសិទ្ធអំណាចចុងក្រោយ ក្នុងការដឹកនាំគ្រប់គ្រងសហព័ន្ធទៀតផង ។ដូច្នេះតាមលក្ខន្ដិកៈ ទាល់តែមានការឯកភាពគ្នាទាំងស្រុង នៅក្នុងគណៈកម្មាធិការប្រតិបត្តិ ទើបអាចដំណើរការបោះឆ្នោតទៅដោយរលូនបាន ។