រាជធានីភ្នំពេញ ៖ 

បុរសម្នាក់ ត្រូវបានគេដឹកតាមរថយន្តមួយគ្រឿង មកទុកចោលនៅក្បែរក្លោងទ្វារ វត្តសុភាឃួន ហើយ បានស្លាប់បាត់បង់ជីវិត ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨ព្រឹក ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ចំណុចមុខវត្តសុភាឃួន ស្ថិតក្នុងភូមិព្រៃទារ ២ សង្កាត់វោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។ 

បុរសរូបនោះពុំត្រូវគេស្គាល់តែសញ្ញាណឡើយមានអាយុប្រមាណជាជាង ៤០ឆ្នាំបានដេកស្លាប់នៅក្បែរក្លោងទ្វារវត្ត បន្ទាប់ពីមានរថយន្តមួយគ្រឿង ដឹកយកមកទុកចោល ។

តាមស្រ្តីម្នាក់ឈ្មោះ ផាន់ អូន  អាយុ៦៨ឆ្នាំ បានឲ្យដឹងថានៅវេលាម៉ោងប្រហែល០៨និង០០នាទី ព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ គាត់ បានបោកសំអាតតាមផ្លូវដល់មុខក្លោងទ្វារសុភាឃួន ស្រាប់តែឃើញមានមនុស្សប្រុសម្នាក់ដេកស្លាប់នៅខាងក្រោយរូបសំណាក់ ក៏បានផ្ដល់ដំណឹងទៅសមត្ថកិច្ច ។ 

តាមការមើលកាំមេរ៉ា សុវត្ថិភាពឃើញថានៅវេលាម៉ោង០៩និង៥៨នាទីយប់ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ ឃើញមានរថយន្ត១គ្រឿង បានដឹកជនរងគ្រោះមកដល់ខាងមុខក្លោងទ្វារវត្តសុភាឃួន ហើយ ក៏មានជួយគ្រាជនរងគ្រោះចុះពីលើរថយន្ត មកអង្គុយនៅខាងមុខក្លោងទ្វារវត្ត រួចបានឡើងលើរថយន្តជិះចេញទៅបាត់ទៅ ហើយ ជនរងគ្រោះក៏បានងើបដើរទៅដេកខាងក្រោយរូបសំណាកមុខក្លោងទ្វារវត្ត ក៏បានស្លាប់តែម្តង ។

តាមការពិនិត្យកន្លែងសាកសពនៅកើតហេតុដោយលោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ បានសន្និដ្ឋានថា បុរសរូបនោះស្លាប់ដោយសារគាំងបេះដូង អាចបណ្ដាលមកពីជម្ងឺបេះដូង ៕