រាជធានីភ្នំពេញ  ៖ 

សំបុករបស់ក្រុមចោរប្លន់ដែលបានធ្វើសកម្មភាពបាញ់ប្លន់យកម៉ូតូមួយគ្រឿងម៉ាក PCX នៅក្នុងខណ្ឌដង្កោនោះ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ សហការជាមួយអធិការដ្ឋាននគបាលខណ្ឌដង្កោ ធ្វើការស្រាវជ្រាវហើយឈានទៅឡោមព័ទ្ធឆែកឆេរដកហូតបានកាំភ្លើង ,ម៉ូតូរបស់ជនរងគ្រោះព្រមទាំងស្លាកលេខម៉ូតូជាច្រើនគ្រឿង ។ ទោះបីជាយ៉ាងណា ក្រុមជនសង្ស័យដែលជាក្រុមចោរប្លន់ទំនងជាដឹងខ្លួនទាន់ហើយគេចខ្លួនបាត់ស្រមោល ។ 

តាមនគរបាលឲ្យដឹងថាដោយអនុវត្តតាមបទបញ្ជារបស់ឯ.ឧ ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរៈសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនិងនគរបាលខណ្ឌដង្កោ បានធ្វើការស្រាវជ្រាវ ហើយ កំណត់បានទីតាំងផ្ទះរបស់ក្រុមជនសង្ស័យខាងលើ ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ ប៉ុន្តែក្រុមជនសង្ស័យ ទំនងដឹងខ្លួនទាន់ បានគេចខ្លួនបាត់ ។

តាមនគរបាលឱ្យដឹងទៀតថាក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញដកហូតបានរួមមាន៖

ម៉ូតូម៉ាកហុងឌ្រីម (របស់ជនរងគ្រោះ), ម៉ូតូម៉ាក PCX ពណ៌ស, ផ្លាកលេខ រថយន្ត&ម៉ូតូ ជាច្រើនសន្លឹក, អាវុធវែងម៉ាក ម៉ាត់តាយ៉ែត ចំនួន១ដើម និងម្ស៉ៅក្រាមពណ៌ស ចំនួន៣កញ្ចប់ (សង្ស័យសារធាតុញៀន)ហើយកម្លាំងជំនាញបន្ដស្រាវជ្រាវស្វែងរកចាប់ខ្លួនក្រុមជនល្មើស ។

គួរបញ្ជាក់ថាកាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង០៦និង២៥នាទីព្រឹក មានជនសង្ស័យចំនួន២នាក់ ជិះម៉ូតូ១គ្រឿងម៉ាកPCX ពណ៌ស មិនស្គាល់ផ្លាកលេខ បានធ្វើសកម្មភាពប្លន់ម៉ូតូ០១គ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1JT-1087 ពីជនរងគ្រោះឈ្មោះ ក្រូច  ផល្លា អាយុ៥២ឆ្នាំនៅចំណុចសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ៕