អតីតប្រធានាធិបតីប្រទេសហ្វីលីពីន លោក រូដ្រីកូ ឌូទឺទេ (Rodrigo Duterte) បានចេញសារវីដេអូនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោកកាលពីថ្ងៃពុធ ទី12 ខែមីនា ទៅកាន់ក្រុមអ្នកគាំទ្រ មុនពេលចុះចតនៅទីក្រុង រុតធឺដាម (Rotterdam)។ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ហៅកាត់ ICC បាននិយាយថា លោក ឌូទឺទេ បានប្រគល់ខ្លួន និងត្រូវបានបញ្ជូនទៅកាន់មន្ទីរឃុំឃាំងរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិភ្លាមៗ បន្ទាប់ពីលោកធ្វើដំណើរទៅដល់ប្រទេសហូឡង់។ គួរបញ្ជាក់ផងដែរថា អតីតប្រធានាធិបតីប្រទេសហ្វីលីពីនរូបនេះ កំពុងប្រឈមមុខនឹងការចោទប្រកាន់ពីបទមនុស្សឃាតនៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ជុំវិញយុទ្ធនាការសង្គ្រាមគ្រឿងញៀនរបស់លោក។