រដ្ឋមន្ត្រីក្រសួងព័ត៌មានប្រទេសប៉ាគីស្ថាន លោក អាតូឡា តារ៉ា (Attaullah Tarar) បានអះអាងកាលពីថ្ងៃព្រហស្បតិ៍ ទី8 ខែឧសភាថា យោធាប៉ាគីស្ថានបាន "សម្លាប់ទាហានឥណ្ឌាពីចន្លោះ 40 ទៅ 50 នាក់" និងបានបំផ្លាញទីស្នាក់ការកងពលតូចនៅលើខ្សែបន្ទាត់នៃការបែងចែកតំបន់កាស្មៀរប៉ាគីស្ថាន និងឥណ្ឌា។ លោកបានពិពណ៌នាថា នេះជា "ជោគជ័យដ៏សំខាន់" នៅក្នុងការប្រយុទ្ធគ្នា ព្រមទាំងបានចោទសួរចំអកពីភាពក្លាហានរបស់អ្នកបើកយន្តហោះចម្បាំងរបស់ប្រទេសឥណ្ឌា បន្ទាប់ពីទីក្រុងញូវដែលី បានប្រើប្រាស់យន្តហោះគ្មានមនុស្សបើកក្នុងការវាយលុកលើប្រទេសខ្លួន។ គួរបញ្ជាក់ផងដែរថា ប្រទេសឥណ្ឌាបានបើកការវាយប្រហារលើទីតាំង “ហេដ្ឋារចនាសម្ព័ន្ធភេរវករ” ចំនួន 9 កន្លែងនៅក្នុងលើប្រទេសប៉ាគីស្ថានកាលពីថ្ងៃពុធ ទី7 ខែឧសភា ជាការសងសឹកចំពោះអ្វីដែលខ្លួនបាននិយាយថា ជាការវាយប្រហារសម្លាប់ភ្ញៀវទេសចរណ៍ឥណ្ឌាដ៏សាហាវ នៅតំបន់ការស្មៀរកាលពីចុងខែមុន។