ភ្នំពេញ ៖  

ឃ្លាំងដេគ័រមួយកន្លែង នៅក្រោយវត្តសំរោងអណ្ដែត ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ត្រូវបានអគ្គីភ័យឆាបឆេះ បង្កអោយមានការភ្ញាក់ផ្អើលរថយន្តពន្លត់អគ្គុភ័យជាច្រើនគ្រឿង បានទៅអន្តរាគមន៍បាញ់ពន្លត់។ អគ្គិភ័យនេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី០៩ខែឧសភាឆ្នាំ២០២៥នេះ។  

តាមសាក្សី បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញភ្លើង បានឆាបឆេះចេញពីផ្នែកខាងក្រោយនៃឃ្លាំងដេគ័រយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលដល់បុគ្គលិក ជញ្ជូនអីវ៉ាន់ចេញនិងទាក់ទងហៅរថយន្តទៅអន្តរាគមន៍បាញ់ពន្លត់។ 

តាមនគរបាលការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះនៃស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថានៅក្នុងហេតុការណ៍នេះរថយន្តពន្លត់អគ្គិភ័យចំនួន៥គ្រឿងបានទៅអន្តរាគមន៍បាញ់ពន្លត់ហើយភ្លើងបានរលត់ទៅវិញ ពុំបណ្ដាឲ្យឆេះរាលដាលទៅលំនៅឋាននៅក្បែរខាងនោះឡើយ។ 

តាមនគរបាល បានឲ្យដឹងទៀតថា សម្ភារៈដេគ័រមួយចំនួន ត្រូវគ្រឿងឆេះរងការខូចខាត តែពុំបណ្ដាឱ្យឆេះរាលដាធ្ងន់ធ្ងរឡើយដោយរថយន្តបានទៅអន្តរាគមន៍ទប់ស្កាត់បានទាន់ពេល។

ទាក់ទិនការកើតមានអគ្គិភ័យនេះ គេពុំទាន់ដឹងថាបណ្ដាលមកពីមូលហេតុអ្វីពិតប្រាកដឡើយដោយសមត្ថកិច្ចកំពុងស្រាវជ្រាវ៕