យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានរាយការណ៍នៅថ្ងៃសុក្រ ទី9 ខែឧសភានេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចុះត្រួតពិនិត្យការបាញ់សាកល្បងកាំជ្រួចមីស៊ីលផ្លោងរយៈចម្ងាយខ្លី និងកាំភ្លើងធំរយៈចម្ងាយឆ្ងាយ និងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការត្រៀមរួចជាស្រេចនៃកងកម្លាំងនុយក្លេអ៊ែររបស់ខ្លួន។ ការធ្វើតេស្តដែលរួមបញ្ចូលនូវការត្រួតពិនិត្យប្រតិបត្តិការ ការឆ្លើយតបយ៉ាងឆាប់រហ័សដើម្បីទប់ទល់នឹងសត្រូវ និងការបាញ់សាកល្បងប្រព័ន្ធរ៉ុក្កែត និងគ្រាប់មីស៊ីលផ្លោងយុទ្ធសាស្ត្រ វ៉ាស៊ុង 11 (Hwasong-11)។ គួរបញ្ជាក់ផងដែរថា គ្រាប់មីស៊ីល វ៉ាស៊ុង 11 (Hwasong-11) ឬត្រូវបានស្គាល់ជាអន្តរជាតិថា KN23 គឺជាស៊េរីនៃគ្រាប់មីស៊ីលផ្លោងរយៈចម្ងាយខ្លីរបស់ប្រទេសកូរ៉េខាងជើង ដែលមន្ត្រីអ៊ុយក្រែន និងលោកខាងលិចបាននិយាយថា ត្រូវបានផ្គត់ផ្គង់ទៅឲ្យប្រទេសរុស្ស៊ី ដើម្បីប្រើប្រាស់ក្នុងសង្រ្គាមរបស់ខ្លួនជាមួយអ៊ុយក្រែន។