បាត់ដំបង៖ 

យ៉ាងហោចណាស់មនុស្សប្រុសស្រីចំនួន០៣នាក់បានរងរបួសធ្ងន់ស្រាល ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយដែលកើតឡើងរវាងម៉ូតូ០២គ្រឿងបុកគ្នាពេញទំហឹងនៅវេលាម៉ោង០២និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៤.ខែកក្កដា ឆ្ឆ្នាំ២០២៥ ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងម៉ូតូម៉ាកហុងដាឌ្រីមC125ពណ៌ខ្មៅ មួយគ្រឿងពាក់ផ្លាកលេខ បាត់ដំបង 1AN-0405 បើកបរទិសដៅពីកើតទៅលិច ចំណែកម៉ូតូ០១គ្រឿងផ្សេងទៀតម៉ាកហុងដាស្កុបពីពណ៌ស គ្មានផ្លាកលេខ បើកបរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងក៏ជ្រុលទៅបុកគ្នាពេញទំហឹងបណ្តាលអោយរងរបួសធ្ងន់ស្រាលទាំង០៣នាក់តែម្តង ។

ក្រោយពេលកើតហេតុ ក្រុមគ្រូពេទ្យ រួមនិងសមត្ថកិច្ចជំនាញបានចុះទៅដឹកបញ្ជូនជនរងគ្រោះទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ ចំណែកមធ្យោបាយទាំងពីរត្រូវបានវាស់វែងយកទៅរក្សាទុកដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់៕