កំពង់ស្ពឺ៖
ក្រុមជនសង្ស័យចំនួន៦នាក់ ត្រូវបានកម្លាំងនគរបាល សហការឃាត់ខ្លួនបានបន្តបន្ទាប់ ខណៈដែលចរាចរណ៍គ្រឿងញៀន នៅក្នុងផ្ទះសំណាក់ យីហោ «ជា សួរ »ហើយប្រជាពលរដ្ឋ បានរាយការណ៍ទៅសមត្ថកិច្ចនគរបាលចុះឃាត់តែម្តង។
នគរបាលស្រុកភ្នំស្រួច បាននិយាយឱ្យដឹងថាកាលពីវេលាម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋល្អបានរាយការណ៍ថា÷នៅចំណុចផ្ទះសំណាក់ យីហោ (ជាសួរ ) ដែលមានទីតាំងស្ថិតនៅក្នុងភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច មានការសង្ស័យជួញដូរ ឬប្រើប្រាស់គ្រឿងញៀន។
ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច បានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលត្រែងត្រយឹង ទៅដល់គោលដៅខាងលើ បានឃាត់ខ្លួនមុខសញ្ញាសង្ស័យចំនួន០៤នាក់ មានឈ្មោះដូចខាងក្រោម៖
ទី១-ឈ្មោះ ស៊ឹម វណ្ណភេទប្រុស អាយុ ១៨ ឆ្នាំរស់នៅភូមិពង្រ ឃុំធម្មតាអរ ស្រុកសំរោងទង ។ ទី២-ឈ្មោះ រឿង ឈុនលាង ហៅ ឈីត ភេទប្រុស អាយុ២៤ ឆ្នាំ រស់នៅភូមិរំដួល៨៨ ឃុំអូរ ស្រុកភ្នំស្រួច ។ ទី៣-ឈ្មោះ វង់ ដែន ភេទស្រីអាយុ១៧ឆ្នាំ ស្នាក់នៅភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច។ ទី៤-ឈ្មោះ អុល លីហ្សា ភេទស្រី អាយុ១៧ ឆ្នាំ ស្នាក់នៅភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ។
នគរបាលស្រុកភ្នំស្រួច បានបញ្ជាក់ថាបើតាមចម្លើយរបស់ឈ្មោះ រឿង ឈុនលាង ហៅឈីត នៅថ្ងៃខែដដែល វេលាម៉ោង ១១ និង ១០នាទី នៅចំណុចភូមិក្រាំងព្នៅ ឃុំអូរ ស្រុកភ្នំស្រួច បានបន្ដឃាត់មុខសញ្ញា០១នាក់ឈ្មោះ ខាត់ ខន ហៅអ៊ូក ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិផ្សារតាឡាត់ ឃុំអូរ ស្រុកភ្នំស្រួច និងបន្តស្រាវជ្រាវឈានទៅឃាត់ជនសង្ស័យ០១នាក់ទៀតឈ្មោះ ចន ចាន់នឿន ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិត្រពាំងអូល ឃុំព្នាយ ស្រុកសំរោងទង។
បច្ចុប្បន្ន ក្រុមជនសង្ស័យទាំង៦នាក់ រួមជាមួយវត្ថុតាងថ្នាំញៀនខាងលើ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕