ក្រុមឡានទី២ ដែលបើកបរដោយជើងខ្លាំង OFF ROAD ពូស្មី នឹងយករថយន្តសំណព្វចិត្តដែលផលិតតាំងពីឆ្នាំ១៩៨៩ និងធ្លាប់ទទួលបានជោគជ័យជាច្រើនទីលានដើម្បីទៅប្រកួតនៅឯប្រទេសឡាវ ចាប់ពីថ្ងៃទី៦ ដល់ ៩ ខែវិច្ឆិកា ឆ្នាំ២០២៥។
លោក ព្រំ រស្មី ឬមហាគ្រួសារ OFF ROAD តែងហៅថា ពូស្មី បានឲ្យដឹងថា ឡានដែលលោកយកទៅចូលរួមការប្រកួត Gold Sepon OFF Road challenge ឯប្រទេសឡាវនេះគឺ Toyota Hilux Hero ដែលផលិតនៅឆ្នាំ១៩៨៩។ ឡាននេះដែរគឺជាឡានសំណព្វចិត្តរបស់លោក និងធ្លាប់ឈ្នះពាននៅប្រទេសថៃ និងលើកចុងក្រោយឈ្នះជើងឯកការប្រកួតអន្តរជាតិដែលធ្វើឡើងនៅខេត្តព្រះសីហនុ។ ឡានមួយនេះធ្លាប់ឆ្លងកាត់ជាច្រើនទីលានប្រកួតទាំងនៅកម្ពុជា និងប្រទេសវៀតណាម ថៃ ជាដើម។
នៅពេលនេះក្រុមការងារបានរៀបចំផ្លាស់ប្ដូរគ្រឿងបន្លាស់ និងរៀបចំគ្រឿងសម្រាប់ជួសជុលដែលត្រូវប្រើនៅពេលប្រកួតរួចរាល់ហើយត្រៀមលើកដាក់លើរថយន្តតែប៉ុណ្ណោះ។ ការងារទាំងស្រុកដូចជារួចរាល់ហើយមិនមានអ្វីដែលត្រូវធ្វើទៀតនោះទេ។
ជើងចាស់ក្នុងវិស័យប្រណាំងរថយន្តរូបនេះបន្ថែមទៀតថា ការចេញទៅនៅអន្តរជាតិនេះជាក្ដីស្រមៃក្នុងនាមលោកជាខ្មែរ និងជាមហាគ្រួសារ OFF ROAD ចង់លើកទង់ជាតិប្រទេសកម្ពុជាឲ្យបរទេសបានស្គាល់តាមអ្វីដែលអាចធ្វើទៅបាន។ ដូច្នេះការទៅចូលរួមនៅប្រទេសឡាវជាលើកទី១ នេះជាសមិទ្ធផលថ្មីមួយទៀតហើយសម្រាប់ក្រុមគ្រួសាររថយន្ត OFF ROAD របស់កម្ពុជា។
បញ្ជាក់ដែរថា ការប្រកួតប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គ (OFF ROAD) Gold Sepon OFF Road challenge នៅឯប្រទេសឡាវ ធ្វើឡើងចាប់ពីថ្ងៃទី៦ ដល់ ៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ។ ខាងកម្ពុជាមាន ៣ក្រុមដែលនឹងទៅចូលរួមគឺក្រុម Cambodia OFF Road Team by Siamprototype ដែលបើកបរដោយលោក ពូស្មី, ក្រុម VKH Racing Team បើកបរដោយលោក វង្ស គឹមហួត, ក្រុម ភ្នំត្បែងរីស៊ត។ ក្រុមទាំង ៣នឹងធ្វើដំណើរចេញពីកម្ពុជានៅថ្ងៃទី២ វិច្ឆិកា ២០២៥ នេះហើយ៕
