យោធាអ៊ីស្រាអែលបានបញ្ជាក់ថា កងកម្លាំងរបស់ខ្លួន បានសម្លាប់យុទ្ធជនជាន់ខ្ពស់ម្នាក់របស់ក្រុមហាម៉ាសនៅក្នុងការវាយប្រហារមួយនៅតំបន់ហ្គាហ្សាកាលពីចុងសប្តាហ៍កន្លងទៅនេះ។ យោងតាមសេចក្តីថ្លែងការណ៍ លោក រ៉ាអាត់ សាអ៉ាត់ ប្រធានទីស្នាក់ការកណ្តាលផលិតអាវុធនៅក្នុងក្រុមយោធាហាម៉ាស ត្រូវបានសម្លាប់ ហើយលោក សាអ៉ាត់ នេះហើយ ដែលជាអ្នក «ទទួលខុសត្រូវផ្ទាល់ចំពោះការរំលោភបំពានលើកិច្ចព្រមព្រៀងឈប់បាញ់» ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយលោកជាអ្នកដឹកនាំការផលិតអាវុធជាបន្តបន្ទាប់ អំឡុងពេលនៃបទឈប់បាញ់។ សេចក្តីថ្លែងការណ៍បានបន្តថា លោក សាអ៉ាត់ ក៏ជាអ្នករៀបចំផែនការម្នាក់ សម្រាប់ការវាយឆ្មក់កាលពីថ្ងៃទី 7 ខែតុលា ឆ្នាំ 2023 និងជា «យុទ្ធជនជាន់ខ្ពស់ម្នាក់ក្នុងចំណោមយុទ្ធជនជាច្រើនដែលនៅសេសសល់» នៅក្នុងតំបន់ហ្គាហ្សា ខណៈដែលកន្លងមក យោធាអ៊ីស្រាអែល បានព្យាយាមប្រមាញ់លោក សាអ៉ាត់ នេះ តែមិនទទួលបានជោគជ័យ។
