បាត់ដំបង៖
បុរសម្នាក់ ត្រូវបានរថយន្តដឹកទឹកកកស្ពានដែកបុកស្លាប់ភ្លាមៗ ខណៈពេលកំពុងជិះម៉ូតូបញ្ច្រាសផ្លូវនៅវេលាម៉ោង០៥និង៤០នាទី ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ចំណុចខាងលិចរង្វង់មូលដៃប្រាំបី ស្ថិតក្នុងភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ។
ប្រភពនៅកន្លែងកើតហេតុ បានប្រាប់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងរវាងម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ចាម1C-0402 បើកបរដោយឈ្មោះ តាន់ សុខចំរើន ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅសង្កាត់ទួលតាឯក ក្រុងបាត់ដំបង ទិសដៅពីលិចទៅកើត (បញ្ច្រាសផ្លូវ) ។ ចំណែករថយន្តម៉ាកកូរ៉េ ប្រភេទឃ្លុបដឹកទឹកកក ស្ពានដែក ពណ៌ស គ្មានផ្លាកលេខ បើកបរដោយបុរសម្នាក់ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ បានបុកជាមួយម៉ូតូពេញទំហឹងបណ្តាលអោយបុរសអ្នកបើកម៉ូតូស្លាប់ភ្លាមៗតែម្តង។
ក្រោយពេលកើតហេតុ កម្លាំងជំនាញផ្នែកចរាចរណ៍បានចុះមកវាស់វែងធ្វើកំណត់ហេតុយកមធ្យោបាយទាំងពីរទៅរក្សាទុកនៅការិយាល័យជំនាញដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់ ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចដឹកបញ្ជូនអោយក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕
