ភ្នំពេញ៖
ជនសង្ស័យជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារ ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិកស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញស្រាវជ្រាវឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទស្ត្រីជាជនជាតិបរទេសកាលពីចុងខែមីនាឆ្នាំ២០២៦។ជនសង្ស័យរូបនេះឈ្មោះ ថេង ចាន់វិរះបុ្រត ហៅ យ៉ាបុត្រ ប្រុស អាយុ២០ ឆ្នាំ ។
តាមនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្ដម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ, ក្រោមការបញ្ជាពីលោកឧត្តម សេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ រាជធានីភ្នំពេញ,នៅថ្ងៃទី០៥ ខែ មេសាឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ខាងលើពីបទ លួចមានស្ថានទម្ងន់ទោស (ឆក់ ទូរសព្ទ័ដៃ IPhone ១៤Promax ពីស្រ្តីជនជាតិបរទេស )នៅចំណុច ផ្លូវលេខ១៤៣ ភូមិ៤ សង្កាត់បឹងប្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ វេលាម៉ោងប្រហែល ១៧និង៥០នាទី ល្ងាច ថ្ងៃទី២៥ខែមិនា ឆ្នាំ ២០២៦។
តាមនគរបាល បានឲ្យដឹងទៀតថាជនសង្ស័យជាមុខសញ្ញាចាស់ធ្វើសកម្មភាពយ៉ាងសកម្មនិងធ្លាប់ជាប់ពន្ធនាគារ។ ជនសង្ស័យមានបក្សពួកដែលនៅសេសសល់ សមត្ថកិច្ច កំពុងតែធ្វើការស្រាវជ្រាវឃាត់ខ្លួនឲ្យដល់ឬសគល់ដោយមិនយោគយល់នោះឡើយ ។ បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងខាងលើ កម្លាំងជំនាញការិយាល័យ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕
