ភ្នំពេញ៖
សពបុរសម្នាក់ មានសភាពហើមស្អុយទៅហើយ ត្រូវបានអ្នករកក្តាមប្រទះឃើញដេកស្លាប់នៅក្នុងដីវាលមួយកន្លែងតាមបណ្ដោយមហាវិថីស៊ីងជីងពីង (ផ្លូវក្រវ៉ាត់ក្រុងទី៣)។
ការប្រទះឃើញសពនេះ បង្កអោយមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១៦ និង១០នាទីល្ងាច ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៦នៅចំណុចដីវាល មហាវិថីស៊ីងជីងពីង ភូមិតាំងរនៀម សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ។ សពបុរសរូបនោះពុំស្គាល់អត្តសញ្ញាណឡើយ មានអាយុប្រហែលជាង៣០ឆ្នាំ ស្លៀកខោខូវប៊យ ពណ៌ខ្មៅ មានអាវកីឡាដៃខ្លៃពណ៌លឿង ។
សពមានសភាពហើមស្អុយ ហើយ ការស្លាប់ប្រហែល២ថ្ងៃប៉ុណ្ណោះ។ ជាមួយគ្នានេះ សព មានស្នាមចាក់សាក់នៅដើមដៃទាំងសងខាង និងកំភួនជើងទាំងសងខាង ។
តាមព័ត៌មានបានអោយដឹងថា នៅមុនពេលកើតហេតុ មានអ្នករកក្តាម ធ្វើដំណើរឆ្លងកាត់ក៏ប្រទះឃើញសពស្លាប់ ហើមស្អុយទៅហើយ ក៏រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានបង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង។ នៅវេលាយប់នោះដែរ សមត្ថកិច្ចជំនាញ ក៏បានចុះទៅត្រួតពិនិត្យសព ហើយ នៅលើខ្លួនសពពុំមានស្លាកស្នាមអ្វីឡើយ។
តាមការត្រួតពិនិត្យលោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ បានសន្និដ្ឋានថា សពបុរសរូបនោះ ស្លាប់ដោយគាំងបេះដូង អាចបណ្ដាលមកពីជំងឺបេះដូង៕
