កណ្តាល៖
ជនសង្ស័យធ្លាប់មានប្រវត្តិជាប់ពន្ធនាគារ០៣ឆ្នាំ ពេលបានចេញមកវិញ មិនរៀងចាល ធ្វើអោយខូចខាតដោយចេតនានិងគម្រាមថានឹងសម្លាប់ ត្រូវម្តាយឳពុក អស់ការស៊ូទ្រាំ សម្រេចចិត្តប្តឹងសមត្ថកិច្ចអោយឃាត់ខ្លួនជាលើកទី២ ដោយកើតហេតុ កាលពីវេលាម៉ោង ១៧និង០៥នាទីថ្ងៃទី ៣១ខែឧសភាឆ្នាំ២០២៦ នៅចំណុចផ្ទះជនរង គ្រោះ ក្នុងភូមិពាមតាឯក សង្កាត់ពាមឧកញ៉ាអុង ក្រុងអរិយក្សត្រ ខេត្តកណ្តាល និងត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននៅថ្ងៃទី០១ខែមិថុនាឆ្នាំ២០២៦ ។
សមត្ថកិច្ចមូលដ្ធានបានប្រាប់ឲ្យដឹងថា÷ជនរងគ្រោះ មានចំនួន០២នាក់៖
១.ឈ្មោះ សេង ទោង អាយុ ៤៨ឆ្នាំ ត្រូវជាឳពុក , ២.ឈ្មោះ សុខ នាង អាយុ ៤៥ឆ្នាំ ត្រូវជាម្តាយ ជនជាតិខ្មែរ មុខរបរ កសិករ ចំនែកជនសង្ស័យមានឈ្មោះ ទោង ផាក់ ភេទប្រុស អាយុ ២៥ឆ្នាំ ( វិជ្ជមាននូវសារធាតុញៀន +) ជាកូនរបស់ជនរងគ្រោះនិងធ្លាប់ជាប់ពន្ធនាគារ ខេត្តកណ្តាល រយៈពេល ០៣ឆ្នាំ ពីបទធ្វើឲ្យខូចខាតដោយចេតនាប្រព្រឹត្តលើលំនៅដ្ឋាន ។
តាមការបញ្ជាក់ពីជនរងគ្រោះជាឳពុក បានប្រាប់សមត្ថកិច្ចថាកូនរបស់គាត់ ចាប់ផ្តើមចេះប្រើប្រាស់គ្រឿងញៀន នៅអំឡុងឆ្នាំ២០២៣ ហើយ រាល់ពេល ប្រើលើសកម្រិតម្តងៗ ជនសង្ស័យ បានធ្វើសកម្មភាពបង្កការអុកឡុក ជេរប្រមាថ និង ប្រើប្រាស់អំពើហិង្សាមកលើម្តាយឳពុក ជាញឹកញាប់ និងក៏ត្រូវសមត្ថកិច្ច ឃាត់ខ្លួនបញ្ជូនទៅតុលាការដាក់ពន្ធនាគារខេត្តកណ្តាល រហូតដល់ឆ្នាំ២០២៥ អនុត្តទោសរួច ក៏បានចេញពីពន្ធនាគារមានសេរីភាពត្រឡប់មករស់នៅជួបជុំជាមួយ ម្តាយឳពុកវិញ ។ តែបានត្រឹមមួយរយៈខ្លីជនសង្ស័យ ក៏ចាប់ផ្តើមផឹកស្រា និងប្រើប្រាស់គ្រឿងញៀនឡើងវិញ ហើយ បានបន្តបង្កការអុកឡុក ជេរប្រមាថ គំរាមកំហែង ប្រើប្រាស់អំពើហិង្សា វាយបំផ្លិច បំផ្លាញសម្ភារៈនៅក្នុងផ្ទះ និងបានលួចរបស់របរនៅក្នុងផ្ទះមួយចំនួនយកទៅលក់ យកកន្ត្រៃ មានចុងស្រួចគំរាមចាក់សម្លាប់ឳពុក រហូតធ្វើអោយឳពុក មិនហ៊ានចូលផ្ទះ បានទៅសុំផ្ទះអ្នកជិតខាងស្នាក់នៅដើម្បីគេចខ្លួនពីជនសង្ស័យមួយរយ: ។
ក្រោយទទួលព័ត៌មានភ្លាម កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យយកមកធ្វើការសារសួរ ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពសារថា÷ខ្លួនពឹតជាប្រើប្រាស់គ្រឿងញៀន វាយបំផ្លិចបំផ្លាញសម្ភារ:ក្នុងផ្ទះ និងគម្រាមថានិងសម្លាប់ ឳពុកម្តាយប្រាកដមែន ។
បច្ចុប្បន្ន ជនសង្ស័យ បាននាំមកកាន់អធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ ដើម្បីកសាង សំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕
