ភ្នំពេញ៖ 

បុរសម្នាក់ស្រវឹងស្រា បានបើករថយន្តម៉ាក MG 7 មួយគ្រឿងក្នុងល្បឿនលឿន ក៏រ៉េចង្កូតទៅប៉ះកង់បីឥណ្ឌាមួយគ្រឿង រួចបន្តល្បឿនទៅបុកពីមុខម៉ូតូពេញទំហឹង ធ្វើឲ្យនារីមានផ្ទៃពោះ៤ទៅ៥ខែ ម្នាក់ រងរបួសបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង៩:១៤នាទីយប់ថ្ងៃទី០៨ខែមិថុនា ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវ៣៦៩ សង្កាត់ព្រែកប្រា ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ។

បើតាមការបញ្ជាក់ពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុ គេឃើញរថយន្តបង្កម៉ាក MG7 ពណ៌ស មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2BZ-3730 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ៣៦៩ ទិសដៅពីជើងទៅត្បូងក្នុងល្បឿន លឿន។

លុះពេលបើកមកដល់ចំណុចកើតហេតុខាងលើ ក៏បានរ៉េចង្កូតមកខាងឆ្វេងដៃទៅប៉ះកង់បី មួយគ្រឿងបើកទិសដៅបញ្រ្ចាសគ្នា រងការខូចខាត រួចបន្តទៅបុកចំពីមុខម៉ូតូមួយគ្រឿងទៀតម៉ាក HONGDA SUPER CUB ពណ៌ខ្មៅ ពាក់ស្លាក ភ្នំពេញ 1ML-1275ជិះដោយពីរនាក់ប្តីប្រពន្ធក្នុងទិសដៅបញ្រ្ចាសគ្នាពីត្បូងទៅជើង បណ្តាលឲ្យនារីជាប្រពន្ធមានផ្ទៃពោះ ៤ ទៅ៥ ខែ រងរបួសបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ រីឯបុរសជាប្តី រងរបួសស្រាល ចំណែកអ្នកបើកបរ ត្រូវសមត្ថកិច្ចឃាត់ខ្លួន។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុកនូវអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ជាបណ្ដោះសន្ន រង់ចាំការដោះស្រាយគ្នានៅពេលក្រោយ។ ចំណែកកង់បី រងការខូចខាតតិចតួច ក៏ម្ចាស់ បានបន្តល្បឿនបើកចេញពីកន្លែងកើតហេតុតែម្ដង៕