ភ្នំពេញ៖
ឃាតករដែលរិតក និង វាយសម្លាប់ស្ត្រីភេទទី៣និងអ្នករត់តាក់ស៊ី យកទៅកប់រួមគ្នានៅព្រែកលៀប ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញ បង្ហាញមុខជាសាធារណៈនៅព្រឹកថ្ងៃទី៣ ខែមិថុនាឆ្នាំ២០២៦។
ឃាតកម្មដ៍សាហាវនេះ ជាករណីចាប់ជំរិតទារប្រាក់មិនបានសម្រេច គឺជនសង្ស័យ ជាជនជាតិចិននិងខ្មែរចំនួន៤នាក់ បានចាប់ជនរងគ្រោះទាំងពីរនាក់យកទៅឲ្យជនជាតិភូមាចំនួន៤នាក់ នៅផ្ទះមេខ្លោងនៅព្រែកលៀប។ នេះ បើតាមចម្លើយសារភាពរបស់ជនសង្ស័យចំនួន ៤នាក់ ដែលត្រូវចាប់ខ្លួន។ករណីចាប់ជំរិតទារប្រាក់និងអំពើឃាតកម្ម គិតទុកជាមុននេះ បានប្រព្រឹត្តនៅចំណុចផ្ទះសំណាក់១៦៨D ផ្លូវបេតុង ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង២៣ និង ៣០ នាទីយប់។
ជនសង្ស័យដែលបង្ហាញមុខ ១-ឈ្មោះ សុខា ដានី ភេទប្រុស អាយុ២៧ឆ្នាំជនជាតិ ខ្មែរ,២-ឈ្មោះ យុន គឹមហ៊ន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ ,៣-ឈ្មោះ WONG YENLONG ភេទប្រុស អាយុ៣១ ជនជាតិចិន និង៤-ឈ្មោះ YU WEIMING ភេទប្រុស អាយុ២៦ ជនជាតិចិន ។ ចំណែកជនរងគ្រោះ៖ ១-ឈ្មោះ តាំង ស៊ីម៉េង ហៅឡីឡី ភេទប្រុស (ភេទទីបីកែទៅស្រីរួច) អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន ស្នាក់នៅភូមិ៦ សង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា រាជធានីភំ្នពេញ។
២-ឈ្មោះ អែម គីមស្រ៊ុន ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ បុខរបរ បើកបររថយន្តតាក់ស៊ី ស្នាក់នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ។
បន្ទាប់ពីមានចម្លើយសារភាពរបស់ជនសង្ស័យខាងលើ ការិយាល័យព្រហ្មកំរិតស្រាល បានសហការជាមួយខណ្ឌច្បារអំពៅនិងខណ្ឌជ្រោយចង្វារ បានរកឃើញសាកសពជនរងគ្រោះទាំងពីរខាងលើ កប់ក្នុងរណ្តៅលូ មានចាក់បេតុងពីលើ នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិបាក់ខែង សង្កាត់ព្រែលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ របស់មេក្លោងឈ្មោះ លី វ៉ៃតា ភេទប្រុស ឆ្នាំកំណើត ១៩៨៣ សញ្ជាតិ ខ្មែរ (គេចខ្លួន)។
គួបញ្ជាក់ថាស្ត្រីភេទទី៣និងជាបុគ្គលិកខារ៉ាអូខេនិងអ្នករត់តាក់ស៊ី ត្រូវបានឃាតករ រិតកចងដៃ ចងជើង និងវាយសម្លាប់ហើយយកសពទៅកប់រួមគ្នា នៅក្នុងដីឡូតិ៍មួយកន្លែងនៅសង្កាត់ព្រែកលៀប ដោយចាក់បេតុងពីលើ ហើយ យករថយន្តទៅប្លង់ចោលនៅព្រែកឯក ខណ្ឌច្បារអំពៅ។
ឃាតកម្មដ៏ព្រៃផ្សៃនេះ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលារសៀល ថ្ងៃ០១ ខែមិថុនា ឆ្នាំ២០២៦នៅចំណុចដីឡូតិ៍គ្មានលេខ តាមផ្លូវបេតុងក្បែរស្ពានលេខ៤ ក្នុងភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញហើយសមត្ថកិច្ច គាស់សពត្រួតពិនិត្យទាំងយប់។
តាមការត្រួតពិនិត្យ សមត្ថកិច្ចរកឃើញពូថៅដងឈើ១,ដំបងដែកវាយកូនបាល់១,ស្លាបព្រាបៀកស៊ីម៉ង់ត៍១,ថង់កៅស៊ូសថ្លា,ខ្សែភ្លើង និងជ័ររិតដែលបានកប់ជាមួយសពជនរងគ្រោះនៅក្នុងរណ្ដៅអណ្ដូងលូដោយចាក់បេតុងពីលើ។
តាមការពិនិត្យ សាកសពឈ្មោះ អែម គឹមស្រ៊ុន ភេទប្រុស មានស្នាមរបួសដាច់រយះនៅកន្លាក់ជើងខាងឆ្វេង ជំរៅដល់ឆ្អឹង ដាច់សសៃឈាម។ ចំណែកសាកសពឈ្មោះតាំង ស៊ីម៉េង ហៅឡីឡីភេទស្រី (ប្រុសកែភេទស្រី) ត្រូវឃាតករ យកខ្សែភ្លើងចងព័ទ្ធជុំវិញក,កំភួនដៃខាងឆ្វេង និង ជើងទាំង២ ចងរិតខ្សែជ័រ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល កំពុងស្រាវជ្រាវ រកបក្ខពួកសេសសល់ និងកសាងសំណុំរឿងតាមនិតិវិធី ៕
