(ក្រចេះ)៖
ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេស និងសេដ្ឋកិច្ចជាតិ ក៏ដូចជាដើម្បីចូលរួមអនុវត្តយ៉ាងម៉ឺងម៉ាត់ក្នុងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) លោក សេក រ៉ុន អភិបាលរងស្រុកចិត្របុរី នាថ្ងៃទី០៨ ខែមិថុនា ២០២៦ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពស្រុក/ក្រុមប្រឹក្សាឃុំ មេភូមិនិងប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មអណ្ដើក ចុះត្រួតពិនិត្យនិងធ្វើរដ្ឋបាលផ្ទះប្រជាពលរដ្ឋ ចំនួន៤ទីតាំង នៅក្នុងភូមិ ជួក្រូច ឃុំថ្មអណ្ដើក ស្រុកចិត្របុរី ខេត្តក្រចេះ។
លោក សេក រ៉ុន បានឲ្យដឹងថាការចុះត្រូវពិនិត្យនិងធ្វើរដ្ឋបាលតាមបណ្ដាផ្ទះរបស់ប្រជាពលរដ្ឋនាពេលនោះ គឺដោយមានការចង្អុលបង្ហាញនិងការណែនាំរបស់លោកអភិបាលស្រុក យិន វណ្ណៈ ឲ្យចូលរួមទប់ស្កាត់និងលុបបំបាត់ចោលទាំងស្រុងនូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online)។
ជាលទ្ធផលនៃការចុះត្រួតពិនិត្យនិងធ្វើរដ្ឋបាល កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពស្រុក រកឃើញថា ផ្ទះទាំង៤កន្លែងខាងលើ ពុំមានពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Scam Online) នោះទេ។
សូមជម្រាបថា ដោយយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ អយ្យាការអមសាលាដំបូង ខេត្តក្រចេះ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ សាលាដំបូងខេត្តក្រចេះ បានសម្រេចចោទប្រកាន់ជនសង្ស័យចំនួន១៥នាក់ ពាក់ករណីឆបោកតាមប្រព័ន្ធបច្ចេក វិទ្យា ឬ Online scams. ក្នុងនោះមានជនជាចិនចំនួន២នាក់៕
