មហោស្រពភាពយន្តខ្លីចតុមុខ ជំនាន់ទី១៣ បានបញ្ចប់ទៅដោយជោគជ័យ កាលពីរាត្រីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ កន្លងទៅ ក្រោមវត្តមាននៃការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ។
មុននឹងបិទបញ្ចប់ មហោស្រពបានធ្វើការចាក់បញ្ចាំងរឿងខ្លី 57 រឿង មកពី 12 ប្រទេស ចំនួន 4 ថ្ងៃជាប់គ្នា គឺចាប់ពីថ្ងៃទី 25 ខែតុលា ដល់ថ្ងៃទី 28 ខែតុលា ឆ្នាំ2024 នៅតាមរោងកុននានាក្នុងរាជធានីភ្នំពេញ ដោយក្នុងនោះមានរឿងខ្លីជាតិចំនួនប្រាំ ត្រូវបានជ្រើសរើសដាក់ប្រកួតប្រជែង រួមមាន រឿង ប្ល៊ែកឡៃហ្គ៍ (Black Light), រឿង ជើងទាំងបីក្នុងពេលរាត្រី (Three Legs In The Evening), រឿង នាគមាស (Golden Dragon), រឿង ជួយ (Help) និង រឿង ក្រោយពេលភ្លៀង (After The Rain)។ ក្នុងចំណោមរឿងខាងលើ រឿងដែលទទួលបានជ័យលាភី ពោលគឺទទួលបានពានភាពយន្តខ្លីកម្ពុជាល្អបំផុត គឺបានទៅលើរឿង Black Light ក្រោមកាផលិតរបស់ផលិតករវ័យក្មេង លោក ឆេន ពិសេន។ មិនតែប៉ុណ្ណោះ រឿងមួយនេះថែមទាំងទទួលបានពានរង្វាន់ពីទស្សនិកជនដល់ភាពយន្តក្នុងស្រុកថែមទៀតផង ។
សូមបញ្ជាក់ថា មហោស្រពភាពយន្តខ្លីចតុមុខ លើកទី១៣ នឹងធ្វើការចាក់បញ្ចាំងរឿងទាំង៥ ខាងលើម្តងទៀតនៅក្នុងរាជធានីភ្នំពេញ ហើយនឹងបន្តចាក់បញ្ចាំងនៅក្នុងខេត្តចំនួនពីរ គឺខេត្តសៀមរាប និងខេត្តបាត់ដំបង។ សម្រាប់ពត៌មានបន្ថែមសូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការដែលមានឈ្មោះថា ចតុមុខសតហ្វីមហ្វេសធីវល (Chaktomuk Short Film Festival) ៕