រាជធានីភ្នំពេញ ៖
បុរសនិងស្ត្រីពីរនាក់ប្ដីប្រពន្ធ បានស្លាប់នៅនិងកន្លែងនិងបុរសម្នាក់ទៀត បានរងរបួស ខណៈពេលដែលជិះម៉ូតូមកឈប់ស្តុបហើយត្រូវរថយន្តប្រភេទយីឌុបសណ្ដោងកន្ទុយមួយគ្រឿង បើកបុករះពីក្រោយ និងកិនជាប់ក្រោមរថយន្តស្លាប់យ៉ាងអាណោចអាធ័ម ។
ហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី៣០ខែតុលាឆ្នាំ ២០២៤ នៅចំណុចស្តុបផ្សារព្រែកព្នៅ តាមបណ្ដោយផ្លូវជាតិលេខ៥ កែងផ្លូវលេខ១៥១(ផ្លូវចូលទៅភ្នំប្រសិទ្ធ) នៅក្នុងភូមិព្រែកព្នៅ នៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
ជនរងគ្រោះដែលស្លាប់១.ឈ្មោះ ខន មុនី ភេទប្រុស អាយុ២៩ឆ្នាំ ជាមន្ត្រីយោធា មានលំនៅផ្ទះលេខ៣៧EO ផ្លូវលេខ១៤៤ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ២.ឈ្មោះ សិន ម៉ីអ៊ីហុង អាយុ២៤ឆ្នាំ ស្នាក់នៅភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត (ស្លាប់នៅកន្លែងកើតហេតុ) ជាប្រពន្ធ។ ជនរងគ្រោះ២នាក់ប្តីប្រពន្ធ ជិះម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1HF-8829 ។
ចំណែកអ្នករងរបួសស្រាល ឈ្មោះ សឹម អាស់អារី ភេទប្រុស អាយុ ៣២ឆ្នាំ ស្នាក់នៅភូមិខ២ សង្កាត់ច្រាំងចំរះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញជិះម៉ូតូម៉ាក់ហុងដាសេ១២៥ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ១BX ៧១៧០ ។
រថយន្តបង្កប្រភេទយីឌុបសណ្តោងកន្ទុយ ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ពាក់ស្លាកលេខព្រៃវែង ៣A.២៧៣៦ បើកបរដោយឈ្មោះ រឿត គឹមហុង ភេទប្រុស អាយុ ២៥ឆ្នាំ ស្នាក់នៅភូមិអណ្ដូងជា ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ។
តាមសាក្សី បានឱ្យដឹងថានៅមុនពេលកើតហេតុ គេឃើញរថយន្តបង្កខាងលើ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើង។ នៅពេលធ្វើដំណើរមកដល់ចំណុចកើតហេតុដែលជាចំណុចស្តុប ក៏បានបុករៈម៉ូតូ២គ្រឿងដែលកំពុងឈប់ស្តុប ពីក្រោយជាបន្តបន្ទាប់ ហើយ កិនម៉ូតូនិងជនរងគ្រោះ២នាក់ប្តីប្រពន្ធស្លាប់ ។
តាមព័ត៌មានឱ្យដឹងទៀតថា នៅក្នុងគ្រោះថ្នាក់នោះ រថយន្ត បានបុកអូសជនរងគ្រោះជាច្រើនម៉ែត្រ និង កិនជនរងគ្រោះពីរនាក់ប្ដីប្រពន្ធជាប់ក្រោមរថយន្ត ស្លាប់យ៉ាងអាណោច អាធ័ម។ បន្ទាប់ពីបង្កគ្រោះថ្នាក់ចរាចរណ៍ អ្នកបើកបររថយន្ត ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួន ដើម្បីចាត់ការតាមច្បាប់។ រីឯសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕