កាលពីថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ឬ សាលា RUFA បានប្រារព្ធពិធី “សំពះព្រះខែ” ក្នុងឱកាសអបអរសាទរ “ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក”។ ស្ថិតនៅក្នុងបរិយាកាសដ៏មហោឡារិកនេះ គណៈគ្រប់គ្រងកម្មវិធី បានបង្កើតទស្សនីយភាពល្បែងល្បាំ របាំប្រពៃណីខ្មែរជាច្រើនទម្រង់ ដើម្បីញ៉ាំងឱ្យកម្មវិធីកាន់តែអធិកអធមថែមទៀត ។

ដោយឡែក មានមហាជនជាច្រើនដែលនិយមលេងបណ្តាញសង្គម បាននឹងកំពុងផ្ទុះការចាប់អារម្មណ៍ទស្សនីយភាពមួយក្នុងចំណោមទស្សនីយភាពជាច្រើនទៀតពីកម្មវិធី “សំពះព្រះខែ” របស់សាលា RUFA នោះគឺនៅត្រង់ឈុតមួយរបស់ទេវតាក្រង៉ែងក្រង៉ង់ នៅក្នុងទស្សនីយភាពល្ខោនអាប៉េក្នុងវាំង រឿង “ព្រះចន្ទគោរព”។ យោងតាមរយៈការបង្ហោះនៅលើទំព័រហ្វេសបុករបស់ កម្ពុឈៀស៍ (Kampucheers) នៅត្រង់វគ្គទេវតាក្រង៉ែងក្រង៉ង់នេះ មានអ្នកចុចទស្សនាលើសពីកន្លះលានដងហើយ ត្រឹមតែរយៈពេល ២៤ ម៉ោងប៉ុណ្ណោះ ។ 

ជាមួយគ្នានេះ តួអង្គទេវតាក្រង៉ែងក្រង៉ង់ ដែលសម្តែងដោយយុវជន មុំវណ្ណ ដាវីន និស្សិតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ជំនាញដឹកនាំរឿងផ្នែកល្ខោនយីកេរ បានបង្ហាញអារម្មណ៍រំភើបរីករាយជាខ្លាំងដែលបានសម្តែងជាតួអង្គខាងលើ ថែមទាំងបានធ្វើការថ្លែងអំណរគុណផងដែរ ទៅកាន់មហាជនដែលមានការគាំទ្រយ៉ាងច្រើនលើសលប់បែបនេះ។ យុវជនរូបនេះក៏បានបន្តទៀតថា ការសម្តែងចេញមកល្អឥតខ្ចោះលើសពីការរំពឹងទុកនេះ ក៏ដោយសារតែទទួលបានការជួយជ្រុមជ្រែង ក៏ដូចជាការជួយបង្ហាត់បង្រៀនយ៉ាងយកចិត្តទុកដាក់ពីសំណាក់លោកគ្រូ មាស វង្ស ហៅលោកគ្រូ អៀង ។

គួរបញ្ជាក់ឱ្យដឹងដែរថាយុវវជន មុំវណ្ណ ដាវីន ដែលជានិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ជានិច្ចជាកាលតែងតែបង្ហាញមុខនៅក្នុងពិធីបុណ្យជាតិផ្សេងៗ ឬកម្មវិធីឯកជននានា ក្នុងន័យទ្រទ្រង់លើកកម្ពស់សិល្បៈវប្បធម៌ខ្មែរ។ មួយវិញទៀត ដោយមានគ្រឹះមានបាតចេញពីសាលាបង្ហាត់បង្រៀនត្រឹមត្រូវ ដាវីន ក៏ទទួលបានឱកាសសម្តែងនៅក្នុងខ្សែភាពយន្តមួយចំនួនទៀតផងដែរ ដោយមហាជនភាគច្រើនស្គាល់យុវជនរូបនេះតាមរយៈតួអង្គត្លុក ដែលសម្តែងជាដៃគូជាមួយយុវជន រិទ្ធ ដារ៉ូ ៕