ខេត្តក្រចេះ ៖
លោកវរៈសេនីយ៍ត្រី វិន ថុន នាយប៉ុស្តិ៍រដ្ឋបាលឃុំឬស្សីកែវ ត្រូវបានស្នងការដ្ឋាននគរបាលខេត្តក្រចេះ កោះហៅ មកធ្វើការសាកសួរពាក់ព័ន្ធនិងការបាញ់បោះសេរី ក្នុងជម្លោះជាមួយនិងគណៈកម្មការទូកង នៅឃុំឬស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ កាលពីយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅ ។
បើតាមប្រភពពីប្រជាពលរដ្ឋ ក្នុងមូលដ្ឋានឃុំឬស្សីកែវ បានឲ្យដឹងថា ករណីដែលនាយប៉ុស្តិ៍រដ្ឋបាលឃុំឬស្សីកែវ ប្រើប្រាស់កាំភ្លើងបាញ់ចំនួន២គ្រាប់នោះ ដោយសារខឹងជាមួយនិងលោក ហុក រ៉ាមិហ៍ សមាជិកក្រុមប្រឹក្សាឃុំ និង ជាគណៈកម្មការទូកងវត្តឬស្សីកែវ រួមនិងសមាជិកគណៈកម្មការផ្សេងទៀត សង្ស័យជាទំនាស់ផលប្រយោជន៍ រឿងចែកលុយអំណោយ និងកាចាក់លុយការប្រណាំងទូក កាលពីពេលថ្មីៗនេះផង ។
ដោយឡែក លោក ហុក រ៉ាមិហ៍ បានឱ្យដឹងនៅ ព្រឹកថ្ងៃទី១៩ ខែវិច្ឆិកានេះថា រឿងនេះពាក់ព័ន្ធ ដោយសារនៅពេលដែលពិធីបុណ្យអុំទូក កម្លាំងប៉ុស្តិ៍រដ្ឋបាលរបស់គាត់ បានទៅធ្វើការងារសណ្ដាប់ធ្នាប់ជាមួយនិងគណៈកម្មការទូកង ហើយនៅពេលត្រឡប់មកវិញ ក្រុមគណៈកម្មការក៏បានយកថវិកាដែលទទួលបានពីការឧបត្ថម្ភ យកមកបូកបញ្ជីដើម្បីធ្វើការបែងចែកទៅចំណុះទូក ដោយចំណុះទូកម្នាក់ៗទទួលបានថវិកា៣០ម៉ឺនរៀល និងនៅសល់ថវិកា៨លានរៀល ។
លោកឧត្តមសេនីយ៍ត្រី ហន ប៉ូច អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៩នេះថា បន្ទាប់នាំខ្លួនមកស្នងការដ្ឋាននគបាលខេត្ត បច្ចុប្បន្ន លោកនាយប៉ុស្តិ៍រដ្ឋបាលឃុំឬស្សីកែវកំពុងជាប់អនុវត្តវិន័យរបស់កងកម្លាំង នៅការិយាល័យបុគ្គលិកនៃស្នងការដ្ឋាននគរ បាលខេត្តក្រចេះ ៕