ខេត្តតាកែវ ៖ 

សាកសពស្ដ្រីម្នាក់ ត្រូវបានគេប្រទះឃើញនៅក្រោមដើមឈើ ដែលគេយកមក ផ្លុងចោល បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុច ភូមិម្រះព្រៅខាងកើត ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ។ ការសន្និដ្ឋានរបស់សមត្ថកិច្ចជំហានដំបូង បានបញ្ជាក់ថា សាកសពស្ដ្រីរូបនេះ ស្លាប់ដោយសារប្រតិកម្មថ្នាំ ហើយត្រូវបានម្ចាស់គ្លីនិក យកមកផ្លុងចោល ។

តាមការបញ្ជាក់របស់ក្រុមគ្រួសារ បានឲ្យដឹងថាកាលពីថ្ងៃទី១៨ ខែវិច្ឆិកានេះ ស្ដ្រីរងគ្រោះ ឈ្មោះ ណាំ ចន្ធូ និងកូនតូចអាយុ៣ឆ្នាំ ជិះម៉ូតូចេញពីផ្ទះទៅគ្លីនិកមួយកន្លែង ដើម្បីចាក់ថ្នាំ ប៉ុន្ដែមិនឃើញត្រឡប់មកផ្ទះវិញឡើយ។ ក្រោយមក ក្រុមគ្រួសារ បាននាំគ្នាដើររក ស្រាប់តែ ប្រទះឃើញម៉ូតូ និងកូនតូច តែមិនទាន់រកឃើញស្ដ្រីជាម្ដាយឡើយ ។ រហូតដល់ព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ស្រាប់តែមានសេចក្ដីរាយការណ៍ថា ស្ដ្រីរងគ្រោះ ត្រូវបានគេប្រទះឃើញស្លាប់ នៅក្រោមដើមឈើមួយកន្លែង ។

ទាក់ទិនករណីនេះ លោកឧត្តមសេនីយត្រី ហ៊ិន សុខេង ស្នងការរងទទួលផែនព្រហ្មទណ្ឌខេត្តតាកែវ បានប្រាប់ឲ្យដឹងថាតាមរយៈការធ្វើកោសល្យវិច្ឆ័យ សមត្ថកិច្ច បានសន្និដ្ឋានថាស្ដ្រីរងគ្រោះស្លាប់ដោយសារការប្រតិកម្មថ្នាំ។ ដោយឡែក ម្ចាស់គ្លីនិកឯកជនដែលចាក់ថ្នាំឲ្យស្ដ្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដើម្បីធ្វើការសួរនាំផងដែរ ។ 

ស្ដ្រីម្ចាស់គ្លីនិក ដែលត្រូវបានឃាត់ខ្លួនឈ្មោះ ស៊ុន ម៉ារីណា អាយុ៣៩ឆ្នាំ មុខរបរជាវេជ្ជ បណ្ឌិត។ ស្ដ្រីម្ចាស់គ្លីនិកខាងលើ ត្រូវបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាល ខេត្តតាកែវ ដើម្បីចាត់ការបន្ដតាមនីតិវិធី ៕