កាលពីពេលថ្មីៗនេះ ក្រុមព្រះសូរិយា បានប្រកាសរៀបចំកម្មវិធី «មួយម៉ឺនអាល័យ លើកទី៨» ដោយនឹងធ្វើការចាក់បញ្ចាំងរឿង «កាកី» ភាពយន្តខ្មែរដែលបានជួយសង្គ្រោះកាលពីឆ្នាំ ២០១៨ ពីប្រទេសថៃមកកាន់មាតុភូមិវិញ។ គោលបំណងនៃការបង្កើតកម្មវិធីនេះឡើងមកគឺដើម្បីផ្សព្វផ្សាយភាពយន្តខ្មែរ បទចម្រៀង និងសិល្បៈវប្បធម៌ផ្សេងៗដែលសល់ពីរបបខ្មែរក្រហម និងបណ្តុះស្មារតីយុវជនជំនាន់ក្រោយតាមរយៈការផ្សព្វផ្សាយទាំងនេះ ឱ្យចេះគោរពស្រឡាញ់ ដឹងគុណ និង យល់ដឹងពីជីវភាពរស់នៅ សេដ្ឋកិច្ច សិល្បៈវប្បធម៌ របស់ខ្មែរនាសម័យនោះជាដើម ។
ដោយឡែកបើងាកទៅចាប់អារម្មណ៍ការរៀបចំកម្មវិធី «មួយម៉ឺនអាល័យ លើកទី៨» ដែលកៀកនឹងមកដល់នាពេលខាងមុខនេះវិញ បានឱ្យដឹងថា មហាជនមិនត្រឹមតែបានទស្សនាការចាក់បញ្ចាំងទស្សនីយភាពយន្តរឿង «កាកី» ប៉ុណ្ណោះទេ នៅក្នុងកម្មវិធីទាំងមូល ក៏នឹងមានការអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសពិសេសពីសំណាក់សិល្បករ សិល្បការិនីខ្មែរជាច្រើនរូបទៀតផងដែរ ។
ដូចនេះ ដើម្បីកុំឱ្យរំលងឱកាសដ៏ពិសេសនេះ បងប្អូនអាចចូលរួមកម្មវិធី «មួយម៉ឺនអាល័យ លើកទី៨» បានដោយសេរី នៅថ្ងៃទី ២២, ២៣ និង ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៤ ចាប់ពីម៉ោង ៨ ព្រឹក ដល់ម៉ោង ៨ យប់ នាមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ ស្ថិតក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ៕