ពិធីការិនីកម្មវិធី សេលេប ស្ពៃស៊ី ថក (Celeb Spicy Talk) របស់ស្ថានីយទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥ កញ្ញា ខាត់ ស្រីច័ន្ទ ថ្មីៗនេះបានធ្វើការឡាយផ្ទាល់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់កញ្ញា និយាយពី កញ្ញាឯកចក្កវាឡកម្ពុជា ឆ្នាំ២០២៤ អ្នកនាង ប្រាសាទ ដាវីន កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់អ្នកគាំទ្រវិស័យប្រកួតសម្រស់ ។ នៅក្នុងការឡាយដែលមានរយៈពេលជាង ១០ នាទីនេះ ពិធីការិនីរូបស្រស់ខាងលើ បានរំលឹកពី អ្នកនាង ប្រាសាទ ដាវីន ចំៗ បន្ទាប់ពីបវរកញ្ញាកម្ពុជារូបនេះបង្ហាញទង្វើគួរឱ្យគោរព និងជាគំរូដល់បវរកញ្ញាក្រោយៗទៀត ពោលគឺនៅក្នុងការឡាយនោះ ស្រីច័ន្ទ បានឱ្យដឹងថា កញ្ញាបង្ហាញនូវការគោរពស្រឡាញ់ដល់ទឹកចិត្តដ៏ល្អប្រពៃរបស់ អ្នកនាង ប្រាសាទ ដាវីន ក្រោយពេលត្រលប់មកពីប្រកួត Miss Universe លើកទី៧៣ ពីប្រទេសម៉ិកស៊ិកូភ្លាម ដោយបវរកញ្ញារូបនេះ បានយកកន្ត្រកផ្កាជូនទៅកាន់អ្នកឧបត្ថម និងអ្នកជួយជ្រុមជ្រែងនៅពីក្រោយការប្រកួតនៅក្រៅប្រទេសកន្លងមកនេះ ។ 

កញ្ញា ខាត់ ស្រីច័ន្ទ ក៏បានបន្តទៀតថា បវរកញ្ញាកម្ពុជាគ្រប់រូប មិនថាតែអ្នកដែលបានប្រកួតនៅក្នុងស្រុកក្តី ឬក្រៅស្រុកក្តី គួរយកគំរូតាម អ្នកនាង ប្រាសាទ ដាវីន ព្រោះរាល់ការប្រកួតនីមួយៗ គឺតែងតែមានបុគ្គលទាំងនោះដែលនៅពីក្រោយភាពស្រស់ស្អាតរបស់យើងជានិច្ច។ កញ្ញា ខាត់ ស្រីច័ន្ទ ក៏បានទទូច សុំឱ្យបវរកញ្ញាគ្រប់រូប គួរដឹងគុណ និងផ្តល់ការគោរពទៅកាន់អ្នកនៅពីខាងក្រោយភាពជោគជ័យរបស់ខ្លួនផងដែរ បើគ្មានការដឹងគុណទេនោះភាពល្បីល្បាញរបស់យើងក៏នឹងមិនស្ថិតស្ថេរនោះដែរ ។ 

គួររំលឹកដែរថា កញ្ញា ខាត់ ស្រីច័ន្ទ គឺជាអតីតបេក្ខភាពចូលរួមប្រកួតបវរកញ្ញាដ៏អស្ចារ្យនៃកម្ពុជា ឆ្នាំ ២០២០ តំណាងឱ្យខេត្តកំពង់ឆ្នាំង និងជាអតីតអ្នកគ្រប់គ្រងការប្រកួតសម្រស់ថ្នាក់ខេត្តរបស់កម្មវិធី បវរកញ្ញាដ៏អស្ចារ្យនៃខេត្តកំពង់ឆ្នាំង ឆ្នាំ២០២៤។ បច្ចុប្បន្នតារាស្រីរូបនេះ គឺជាអ្នកគ្រប់គ្រងការប្រកួតថ្នាក់ជាតិរបស់កម្មវិធី មីសមេរ៉ាខេមបូឌា (Miss Mera Cambodia) ឆ្នាំ ២០២៤ និងជាពិធីការិនីរបស់កម្មវិធី សេលេប ស្ពៃស៊ី ថក (Celeb Spicy Talk) បាននឹងកំពុងចាក់បញ្ចាំងនៅរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ៨ យប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ៥ ៕