ត្បូងឃ្មុំ ៖ 

មន្ទីរធម្មការនិងសាសនាខេត្តត្បូងឃ្មុំ នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បានចេញសេចក្តីបំភ្លឺព័ត៌មានពាក់ព័ន្ធនិងភិក្ខុសង្ឃមួយអង្គ បានប្រើប្រាស់អំពើហិង្សាលើសាមណេរ ដែលគង់នៅវត្តគិរីទក្ខិណារាម ហៅ “វត្តក្បាលបឹងសេះ” កាលពីយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

ក្រោយពីទទួលបានព័ត៌មានភ្លាម មន្ទីរធម្មការនិងសាសនាខេត្តត្បូងឃ្មុំ បានសហការជាមួយ ព្រះមន្ត្រីសង្ឃសាលាអនុគណស្រុកត្បូងឃ្មុំ ចុះស្រាវជ្រាវនិងស៊ើបអង្កេតដោយរកឃើញថា ភិក្ខុសង្ឃព្រះនាម យាន ធាវី ពិតជាបានវាយសាមណេរព្រះនាម ប៉ាវ សីហា ពិតប្រាកដមែន ហើយ ការវាយនេះគឺ គ្រាន់តែចង់អប់រំទូន្មានតែប៉ុណ្ណោះមិនបង្កអ្វីធ្ងន់ធ្ងរឡើយ ។

ក្នុងនោះ ព្រះចៅអធិការវត្តព្រះនាម ស៊ុម ភក្តី បានបញ្ជាក់ថាការវាយនេះ គឺ គ្រាន់តែចង់អប់រំទូន្មានតែប៉ុណ្ណោះ ដូច្នេះអាត្មាភាព ស្នើសុំបិណ្ឌបាត ដល់ម្ចាស់គណនីហ្វេសបុកឈ្មោះ “ឌីជេខេអេច” និងញាតិញោមអ្នកសារព័ត៌មាន ព្រមទាំងសាធារណជន សូមមេត្តា លុបវិដេអូចេញពីគណនី និងសូមបញ្ឈប់ធ្វើការ Post Share Comments បន្តទៀត ។

ចំណែកភិក្ខុសង្ឃ យាន ធាវី បានធ្វើការបំភ្លឺចំពោះសកម្មភាពរបស់ព្រះអង្គ និងបានធ្វើការសុំអភ័យទោស និងសុំទោស ដល់ព្រះមន្ត្រីសង្ឃ ព្រមទាំងញាតិញោមសាធារណជនទាំងអស់ ហើយបានសន្យាថា ចាប់ពីពេលនេះទៅ ឈប់អប់រំភិក្ខុសាមណេតាមរយៈការធ្វើអំពើហិង្សាទៀតហើយ។ ចំពោះបណ្ដាញសង្គមដែលលើកឡើងថា ឆាន់ស្រាហើយទៅវាយលោកនោះ មិនពិតនោះទេ បើមានករណីនេះមែន អាត្មាភាព សូមទទួលខុសត្រូវចំពោះមុខច្បាប់។ រីឯ សាមណេរ ប៉ាវ សីហា ក៏បានបញ្ជាក់ផងដែរថា ក្នុងករណីនេះ អាត្មាភាពក៏មានចំណុចខុសឆ្គងដែរ។ ដូច្នេះអាត្មាភាពសូមបញ្ចប់រឿងត្រឹមនេះ និងមិនមានការប្ដឹង ឬ ទាមទារសំណងអ្វីឡើយ ។

សូមបញ្ជាក់ថា មន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្តត្បូងឃ្មុំ ក៏បានចុះស្រាវជ្រាវ និងពិនិត្យស្នាមរបួស ព្រមទាំងបានពិនិត្យទឹកនោមរកសារធាតុញៀន លើភិក្ខុយាន ធាវី ផងដែរជាលទ្ធផល ពុំមានផ្ទុកសារធាតុញៀននោះឡើយ ៕