រាជធានីភ្នំពេញ ៖
កម្លាំងនគរបាលនៃស្នងការដ្ឋានខេត្តកំពង់ចាម សហការណ៍ជាមួយនគរបាល នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន៧នាក់ ដែលជាប់សង្ស័យថាបានធ្វើសកម្មភាពកាប់កម្មកររោងចក្រ២នាក់បងប្អូនបង្កើត ឲ្យរបួសប្លន់យកម៉ូតូ១គ្រឿងបានសម្រេច កាលពីវេលាម៉ោង៤និង៣០នាទីជិតភ្លឺ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅក្នុងភូមិសាស្រ្តខេត្តកំពង់ចាម ។
ការចាប់ខ្លួននោះបានធ្វើឡើងនៅវេលាព្រឹកថ្ងៃដដែល ដោយក្នុងនោះជនសង្ស័យ២នាក់ត្រូវឃាត់នៅឯខេត្តកំពង់ចាម និង៥នាក់ទៀត ក្នុងនោះមានស្រីម្នាក់ផង ឃាត់ខ្លួនបាននៅក្នុងភូមិសាស្រ្តសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បុរសរងគ្រោះទី១/ឈ្មោះយឺត ចាង អាយុ៣៤ឆ្នាំ និងទី២/ឈ្មោះយឺត សំណាង អាយុ២៣ឆ្នាំ អ្នកទាំង២ ត្រូវជាបងប្អូនបង្កើតនិងគ្នា មានមុខរបរកម្មកររោងចក្រ រងរបួសទាំង២នាក់បងប្អូន មានទីលំនៅភូមិស្នួលវត្តកើត ឃុំស្នួល ស្រុកឈ្នួល ខេត្តក្រចេះ ។ ចំណែកក្រុមជនសង្ស័យវិញ នៅមិនទាន់ត្រូវបានស្គាល់ឈ្មោះនៅឡើយទេ ។
តាមជនរងគ្រោះជាបង បាននិយាយថា នៅមុនពេលកើតហេតុ គាត់និងប្អូនប្រុសបានជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ស៊េរីឆ្នាំ២០២៣ ពណ៌ខ្មៅ ពាក់ស្លាកលេខក្រចេះ1G-3623 ចេញពីធ្វើការឆ្ពោះទៅផ្ទះនៅខេត្តក្រចេះ ។ លុះពេលទៅដល់កន្លែងកើតហេតុ អត់ស្គាល់ថាស្ថិតនៅក្នុងភូមិ ឃុំ និងស្រុកអ្វីទេ គ្រាន់តែដឹងថាក្នុងភូមិសាស្រ្តខេត្តកំពង់ចាម ប៉ុណ្ណោះ ក៏ស្រាប់តែមានជនសង្ស័យ៤នាក់ជិះម៉ូតូ២គ្រឿងដេញតាមធាក់ផ្ដួលពីក្រោយ។ ខណៈនោះ បានបណ្ដាលឲ្យគាត់និងប្អូនប្រុសដួលម៉ូតូ រួចក្រុមជនសង្ស័យ ក៏កាប់ប្លន់យកម៉ូតូជិះគេចខ្លួនបាត់អស់ បន្ទាប់មក ពួកគាត់ក៏បានប្ដឹងនគរបាលឲ្យជួយអន្តរាគមន៍ ។
នគរបាលខេត្តកំពង់ចាម បានប្រាប់ថា ក្រោយពេលទទួលបណ្ដឹងជនរងគ្រោះហើយ កម្លាំង បានចុះធ្វើការស្រាវជ្រាវ ហើយព្រឹកថ្ងៃដដែលនោះ ឈានដល់ការឃាត់ខ្លួនជនសង្ស័យបាន២នាក់ ។ បន្ទាប់មក បានចុះសហការណ៍ជាមួយនគរបាល នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ទៀតតែម្តង ។ ពេលនេះជនសង្ស័យទាំងអស់ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋានខេត្តកំពង់ចាមចាត់ការតាមច្បាប់ ៕