ភ្នំពេញ ៖ 

ក្រមាខ្មែរ ត្រូវបានអង្គការយូណេស្កូ ចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅថ្ងៃទី0៤ ខែធ្នូ ឆ្នាំ២០២៤ ក្នុងសម័យប្រជុំលើកទី១៩ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលនៃអនុសញ្ញាឆ្នាំ២០០៣ របស់អង្គការយូណេស្កូ ស្តីពី «ការការពារបេតិកភណ្ឌវប្បធម៌អរូបី» នាទីក្រុងអាសង់ស្យុង សាធារណរដ្ឋប៉ារ៉ាហ្គាយ ។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមសម័យប្រជុំនេះ ចាប់ពីថ្ងៃទី២ រហូតដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ នាទីក្រុងអាសង់ស្យុង សាធារណរដ្ឋប៉ារ៉ាហ្គាយ ។

កិច្ចប្រជុំ បានបើកជាផ្លូវការក្រោមអធិបតីភាព លោក Santiago Peña Palacios (សង់ទីហ្គោ ប៉េណា ប៉ាឡាកូស) ប្រធានាធិបតីនៃសាធារណរដ្ឋប៉ារ៉ាហ្គាយ លោកស្រី Adriana Ortiz Semidei (អាឌ្រីណា អរទីហ្ស សេមីដេ) រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងលោកស្រី Audrey Azoulay (អរដ្រេ អាហ្ស៉ូឡេ) អគ្គនាយិកានៃអង្គការយូណេស្កូ ។

សូមជម្រាបថាក្រមា ឬ កន្សែងប្រពៃណីខ្មែរ គឺជាអត្តសញ្ញាណជាតិនិងជាវត្ថុដ៏មានសារៈសំខាន់មិនអាចខ្វះបាន ក្នុងជីវិតរស់នៅប្រចាំថ្ងៃ របស់ប្រជាជនខ្មែរ ចាប់តាំងពីកើត រហូតដល់ស្លាប់ ហើយសព្វថ្ងៃនេះក្រមា នៅតែត្រូវបានប្រើប្រាស់ជានិច្ច។ ក្នុងសង្គមខ្មែរ ក្រមា ត្រូវគេប្រើប្រាស់យ៉ាងទូលំទូលាយគ្រប់លំដាប់ថ្នាក់ ចាប់ពីប្រជាពលរដ្ឋសាមញ្ញ រហូតដល់ថ្នាក់ដឹកនាំកំពូល នៅគ្រប់ពេល នៅក្នុងឱកាសពិសេស និងនៅគ្រប់ទីកន្លែង ។

ក្រៅពីការប្រើប្រាស់ទូទៅ ក្រមា ក៏ត្រូវគេប្រើប្រាស់សម្រាប់ពានា ឬបង់កចូលរួមក្នុងពិធីបុណ្យជាតិនិងសាសនា, ប្រើជាតង្វាយ ឬសំណែនក្នុងកិច្ចពិធី, ប្រើជាជំនូនដល់ចាស់ទុំ ឬញាតិមិត្តប្រើជាចំណងដៃ និងវត្ថុប្រចាំចិត្តរវាងគូសង្សារ ឬប្តីប្រពន្ធជាដើម ។

កម្ពុជា ធ្លាប់បំបែកឯតទគ្គកម្មក្រមា វែងជាងគេលើពិភពលោក កាលពីឆ្នាំ២០១៨ ។ គួរជម្រាបថាចាប់តាំងពីកម្ពុជា បានចូលជាសមាជិករបស់អង្គការយូណេស្កូ មក កម្ពុជាបានចុះបញ្ជីនូវសម្បតិ្តបេតិកភណ្ឌរូបី ចំនួន៤ និងសម្បតិ្តបេតិកភណ្ឌអរូបី ចំនួន៦ ដើម្បីថែរក្សានូវទម្រង់ដើមនៃវប្បធម៌ ក៏ដូចជាមរតកឥតកាត់ថ្លៃដែលបានបន្សល់ទុកដោយដូនតាខ្មែរ ព្រមទាំងជាការចងចាំនូវប្រវត្តិសាស្ត្ររបស់កម្ពុជា ៕