រាជធានីភ្នំពេញ ៖
ម៉ូតូ២គ្រឿង បានទាក់ដៃចង្កូតគ្នា បណ្តាលឲ្យដួលផ្កាប់មុខបោកផ្ទប់ថ្នល់ ហើយ យុវតីម្នាក់ រងរបួសធ្ងន់ធ្ងរ ត្រូវគេបានដឹកបញ្ជូនតាមម៉ូតូកង់៣ទៅកាន់មន្ទីរពេទ្យដើម្បីសង្រ្គោះបន្ទាន់ភ្លាមៗ ចំណែកភាគីម្ខាងទៀត ជិះរត់គេចខ្លួនបាត់ស្រមោល ។
ហេតុការណ៍នោះ បានកើតឡើងនៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមប្រភពពីកន្លែងកើតហេតុខាងលើ បានឲ្យដឹងថានៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្គូបពី ពណ៌លឿង ពាក់ស្លាកលេខ ព្រះវិហារ1E-7171 ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ។
ស្របពេលនោះ ក៏មានបុរសម្នាក់ជិះម៉ូតូមួយគ្រឿង ពុំចាំម៉ាកនិងស្លាកលេខ គ្រាន់តែដឹងថាជាអ្នកដឹកជញ្ជូន ធ្វើដំណើរក្នុងទិសដៅស្របគ្នាក្នុងល្បឿនយ៉ាងលឿនទៅដល់ បានទាក់ដៃចង្កូតគ្នាជាមួយម៉ូតូយុវតីរងគ្រោះខាងលើ ជាហេតុ បណ្តាលឲ្យយុវតីរូបនោះ ដួលផ្កាប់មុខរងរបួសធ្ងន់ ហើយត្រូវបានគេបញ្ជូនតាមម៉ូតូកង់៣ទៅកាន់មន្ទីរពេទ្យដើម្បីសង្រ្គោះបន្ទាន់ភ្លាមៗ ។ ចំណែកអ្នកបើកម៉ូតូដឹកជញ្ជូននោះ បានជិះរត់គេចខ្លួនបាត់ស្រមោលតែម្ដង ៕