តារាចម្រៀងជំនាន់ក្រោយដែលដុះពន្លកចេញពីកម្មវិធីប្រកួតចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី៤ លោក នាង ដាវីន បានធ្វើការចែករំលែកសារដាស់តឿនមួយទៅកាន់បងប្អូនអ្នកសិល្បៈនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនកាលពីពេលថ្មីៗនេះ។
នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នាង ដាវីន ដែលបានចែករំលែកសារដាស់តឿននោះ គឺក្នុងន័យត្អូញត្អែរទៅកាន់អ្នកទំនាក់ទំនងការងារ ដោយបានបន្ទាបតម្លៃទីផ្សារការងាររបស់លោក ការមិនផ្តល់តម្លៃដល់វិស័យសិល្បៈស្រុកខ្មែរ និង ការចង់ចំណេញតែដាច់ចំណងជាដើម។
ក្នុងនោះលោកបានរៀបរាប់យ៉ាងដូច្នេះថា៖ «សារដាស់តឿនទៅកាន់បងប្អូនសិល្បៈទាំងអស់ ….
* ចង់ឪ្យវិស័យសិល្បៈរីកចម្រើន ?
ចុះហេតុអីទាញទីផ្សារពួកខ្ញុំទំលាក់ចុះ ហើយប្រើភាសាជួយបងម្តង តែជួយយូរទៅ ដូចអត់ឡើងលើសោះ មានតែទាញចុះក្រោមរហូត ហើយទៅដើរនិយាយថាចេះចុះ ធ្វើចឹងដើម្បីអី ? អ្នកចង់ចំណេញ ចុះហេតុអីមិនឱ្យពួកខ្ញុំចំណេញខ្លះវិញ ? ឱវិស័យសិល្បៈខ្ញុំអើយ ថ្ងៃមុខទៅជាយ៉ាងណាបើនៅតែបែបនេះ រឿងនេះវាយូរហើយតែគ្មានអ្នកណាហ៊ានព្រោះខ្លាចគេបិទទីផ្សារ ចឹងទុកខ្ញុំអ្នកនិយាយ សូមផ្តាំទៅបងៗប្អូនៗអ្នកចម្រៀងទាំងអស់ថា បើនៅតែធ្វើបែបនោះ អ្នកដែលខាតគឺជាអ្នក បើគេមិនចំណេញគេមិនធ្វើទេត្រូវចាំ ស្អប់ខ្ញុំក៏ស្អប់ចុះពាក្យពិតរាងពិបាកទទួលយកបន្តិចតែក៏អាចជួយគេបានច្រើនខ្ញុំក៏សប្បាយចិត្ត»។
យ៉ាងណាមិញបន្ទាប់ពី នាង ដាវីន បានចែករំលែកបទពិសោធដែលបានជួបកន្លងមកនេះ ឃើញថាមានសិល្បករ សិល្បការិនី ជាច្រើនក៏បានបញ្ចេញមតិស្រដៀងគ្នានឹងតារាចម្រៀងរូបនេះផងដែរ៕