បវរកញ្ញា និងបុរសឯក ៣៨ រូប មកពីកម្មវិធីប្រកួត មីស អ៊ែន មីសស្ទ័រ ស៊ុប្រាណាសិនណល ខេមបូឌា (Miss & Mister Supranational Cambodia) ឆ្នាំ២០២៥ បានបង្អួតសម្រស់ដ៏ស្រស់ស្អាតនៅលើឆាកវេទិកាដ៏ទាន់សម័យនាថ្ងៃបំពាក់ឆៀងជាផ្លូវការ ដែលកម្មវិធីបានប្រព្រឹត្តទៅនៅក្នុងផ្សារទំនើប U Mall Phnom Penh កាលពីរាត្រីថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ២០២៥។ អមជាមួយសំឡេងហ៊ោកញ្ជ្រៀវរបស់បណ្តាអ្នកគាំទ្រ កាន់តែញ៉ាំងឱ្យកម្មវិធីមានភាពអធិកអធម និងក្រោមវត្តមានរបស់លោក អេប៊ី វណ្ណា (AB Vanna) អ្នកគ្រប់គ្រងការប្រកួតថ្នាក់ជាតិ នៃកម្មវិធីប្រកួត មីស អ៊ែន មីសស្ទ័រ ស៊ុប្រាណាសិនណល ខេមបូឌា (Miss & Mister Supranational Cambodia) ឆ្នាំ២០២៥ និងជាស្ថាបនិកក្រុមហ៊ុន អេប៊ី ស្ទូឌីយ៉ូ (AB Studio) ជាអ្នកបំពាក់ខ្សែឆៀងផ្ទាល់ជូនទៅកាន់បេក្ខជន និងបេក្ខេនារីទាំង ៣៨ រូប។ ស្ថិតនៅក្នុងឱកាសនេះ លោក  អេប៊ី វណ្ណា (AB Vanna) ក៏បានឱ្យដឹងថា បន្ទាប់ពីមានការបំពាក់ឆៀងរួច ខាងកម្មវិធីនឹងមានការប្រកួតប្រជែងសមត្ថភាពជាច្រើនវគ្គទៀតដូចជា ការប្រកួតឈុតហែលទឹក និងការប្រកួតការដើរបែប Fashion Show ជាដើម។ ទន្ទឹមនឹងនេះ លោកក៏បានឆ្លើយតបទៅកាន់អ្នករិះគន់កម្មវិធីរបស់លោកថា យកកញ្ញា អាន់ណា រ៉ូស ដើម្បីធ្វើឱ្យកម្មវិធីខ្លួនមានភាពល្បីល្បាញ។ លោកថា ការដែលឱ្យកញ្ញា អាន់ណា រ៉ូស ជាប់ជាបេក្ខនារីប្រកួតផ្លូវការរបស់កម្មវិធី ក៏ព្រោះតែលោកសម្លឹងឃើញពីការតាំងចិត្តមុះមុតរបស់បេក្ខនារីរូបនេះ ពោលគឺនៅថ្ងៃសំភាសន៍ជម្រុះ កញ្ញា អាន់ ណារ៉ូស បានប្រាប់ទៅកាន់គណៈកម្មការ ក៏ដូចជារូបលោកថា កញ្ញាមកទីនេះគឺដើម្បីចង់ល្បីបែបបវរកញ្ញា មិនមែនចង់ល្បីបែបកំប្លែងដូចពីមុនទៀតនោះទេ ដែលហេតុផលនេះហើយទើបធ្វើឱ្យលោកសម្រេចចិត្តឱ្យកញ្ញា អាន់ណា រ៉ូស បន្តការប្រកួតនៅក្នុងកម្មវិធីបន្តទៀត។

គួរឱ្យរំលឹកថា ការប្រកួតសម្រស់ មីស អ៊ែន មីសស្ទ័រ ស៊ុប្រាណាសិនណល ខេមបូឌា (Miss & Mister Supranational Cambodia) ឆ្នាំ ២០២៥ នឹងធ្វើការប្រកួតប្រជែងនៅក្នុងវិញ្ញាសារជាច្រើនទៀត ដើម្បីស្វែងរកម្ចាស់ជ័យលាភីដ៏ស័ក្តិសម ដើម្បីតំណាងឱ្យកម្ពុជា ចូលរួមប្រកួតនៅលើឆាកអន្តរជាតិ នៅឯប្រទេសប៉ូឡូញ នាពេលឆាប់ៗខាងមុខនេះ៕