បន្ទាយមានជ័យ ៖
ឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី ប្រុស.ស្រី ៥នាក់ ពាក់ព័ន្ធការប្រើប្រាស់ អំពើហិង្សា បណ្តាលឲ្យជនជនរងគ្រោះរត់គេចធ្លាក់ពីលើអគារកាស៊ីណូក្រោនរីសត ស្លាប់១នាក់ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីអនុវត្តតាមនីតិវិធី ។
លោកវរៈសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា៖ បន្ទាប់ពីមានករណីមនុស្សលោតសម្រាប់ខ្លួនពីលើអគារ កាស៊ីណូក្រោនរីសត ក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត កាលពីថ្ងៃទី០១ខែកុម្ភៈ ឆ្នាំ២០២៥។ នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចេញបទបញ្ជាដល់កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌរបស់ស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងកម្លាំងនគរបាលនាយកដ្ឋានចារកម្ម ក្រោមការដឹកនាំសម្របសម្រួលផ្ទាល់ដោយលោក លុយ ទីហូរ ព្រះរាជ អាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានចុះធ្វើការស្រាវជ្រាវ ជុំវិញករណីនេះ។
លោក បានបញ្ជាក់ថា៖ជាលទ្ធផល បានបង្ហាញថាមុនកើតហេតុ មានជនរងគ្រោះម្នាក់ មានឈ្មោះ PID NHARTONO (ភីដ ណាតូណូ) ភេទប្រុស អាយុ37ឆ្នាំ ជនជាតិឥណ្ទូនេស៊ី ជាបុគ្គលិកកាស៊ីណូក្រោនរីសត បានមានជម្លោះទាស់ទែងគ្នា ជាមួយមិត្តរួមការងារ ក្នុងកាស៊ីណូ ទើបបង្កឲ្យមានហិង្សាកើតឡើង ហើយជនរងគ្រោះ បានរត់គេចខ្លួនតាមបង្អួច ជាន់ទី៣នៃអគារកាស៊ីណូ ទើបបណ្តាលឲ្យធ្លាក់ស្លាប់បាត់បង់ជីវិតតែម្តង។
ភ្លាមៗនោះដែរ កម្លាំងនគរបាលយើង បានឃាត់ខ្លួនជនសង្ស័យជនជនជាតិឥណ្ធូនេស៊ី ចំនួន៥នាក់ យកមកសួរនាំ។ នៅចំពោះមុខសមត្ថកិច្ចសួរនាំ ជនសង្ស័យទាំង ៥នាក់ បានឆ្លើយសារភាពថាពួកគេពិតជាមានជម្លោះនិងបានប្រើអំពើហិង្សា ជាមួយជនរងគ្រោះខាងលើពិតប្រាកដមែន ៕