ថ្មីៗនេះ នៅលើទំព័រហ្វេសប៊ុករបស់បវរកញ្ញាវ័យក្មេង កញ្ញា ដេត ស្រីនាឌ បានជូនដំណឹងដ៏រំភើបទៅកាន់អ្នកគាំទ្ររបស់ខ្លួនថា កញ្ញានឹងទៅចូលរួមដើរម៉ូតនៅក្នុងកម្មវិធីមួយ នៅឯប្រទេសវៀតណាម ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៧ ខែមីនា ខាងមុខនេះ។ តាមរយៈការផ្តល់ដំណឹងដ៏រំភើបរីករាយនេះ ស្រីនាឌ បានរៀបរាប់យ៉ាងដូច្នេះថា “ជម្រាបសួរ 

នាងខ្ញុំនឹងលើកទង់ជាតិកម្ពុជាម្តងទៀតទៅកាន់ពិភពលោក! នាងខ្ញុំពិតជារំភើបដែលត្រូវបានជ្រើសរើសជា តារាបង្ហាញម៉ូតតំណាងឱ្យ កម្ពុជា នៅឯប្រទេសវៀតណាម ក្នុងចំណោមតារាបង្ហាញម៉ូតជុំវិញពិភពលោក នៅក្នុងកម្មវិធី គ្លូប៊ល ស្ទូដឹនថ៍ ហ្វេសស្ហឹន វីគ (Global Student Fashion Week) !

សូមចូលរួមជាមួយខ្ញុំ ដើម្បីបំពេញដំណើរនេះ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ចន្លោះថ្ងៃទី ១៥-១៧ ខែមីនា ឆ្នាំ ២០២៥ ក្នុងកម្មវិធី គ្លូប៊ល ស្ទូដឹនថ៍ ហ្វេសស្ហឹន វីគ (Global Student Fashion Week)”។

គួរឱ្យដឹងដែរថា ដេត ស្រីនាឌ គឺជាបវរកញ្ញាវ័យក្មេងមួយរូបដែលមានបទពិសោធយ៉ាងច្រើនលើសលប់នៅក្នុងវិស័យប្រកួតបវរកញ្ញា ហើយបច្ចុប្បន្នបវរកញ្ញារូបនេះបាននឹងកំពុងប្រកួតនៅក្នុងកម្មវិធីប្រកួតសម្រស់ក្នុងស្រុកមួយដែលមានឈ្មោះថា មីសឡាកាម៉ូខេមបូឌា Miss Lakamo Cambodia 2025។ មិនត្រឹមតែមានរូបសម្រស់វ័យក្មេងដ៏ស្រស់ស្អាត និងសមត្ថភាពដ៏អស្ចារ្យប៉ុណ្ណោះទេ បវរកញ្ញារូបនេះក៏ទទួលបានការគាំទ្រយ៉ាងច្រើនហូរហៀរពីសំណាក់ពុកម៉ែបងប្អូនផងដែរ៕