ភ្នំពេញ៖ ដោយបានការអនុញ្ញាតពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី គណៈកម្មការចំពោះកិច្ចរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចធិបតី» ឬហៅកាត់ថា (គ.ច.យ.ខ.ព) បានរៀបចំវគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាលចៅក្រម នៅព្រឹកថ្ងៃសុក្រ ទី២១ ខែមីនា ឆ្នាំ២០២៥ នាសាលាកីឡាគុណធម៌ដើម្បីត្រៀមព្រឹត្តិការណ៍កីឡាយុទ្ធគុនចម្រុះខ្មែរបុរាណពានរង្វាន់សម្ដេចបវរធិបតី លើកទី២ ដែលគ្រោងប្រព្រឹត្តទៅពីថ្ងៃទី២៧ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ នាពហុកីឡដ្ឋានជាតិមរតកតេជោ។
ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការអចិន្ត្រៃយ៍នៃគណៈកម្មការចំពោះកិច្ច មានប្រសាសន៍ថា វគ្គដ៏សំខាន់ខាងលើនឹងពង្រឹងសមត្ថភាព និងការអនុវត្តឱ្យបានត្រឹមត្រូវ ល្អប្រសើរ និងពិនិត្យចំណុចខ្វះខាតពីការរៀបចំការប្រកួតឆ្នាំមុន ដើម្បីដោះស្រាយនាពេលនេះ ក៏ដូចជាអភិវឌ្ឍចំណេះដឹងដែលមានលក្ខណៈវិទ្យាសាស្ត្រក្នុងការរៀបចំបទបញ្ជាការប្រកួតកាន់តែល្អជាងមុន។
ឯកឧត្ដមអគ្គលេខាធិការមានប្រសាសន៍បែបនេះ "៖ វគ្គនេះមានអាជ្ញាកណ្ដាលចៅក្រមមកពីសហព័ន្ធកីឡាប្រដាល់គុនខ្មែរ សហព័ន្ធកីឡាយុទ្ធក្រមខម សហព័ន្ធកីឡាចំបាប់កម្ពុជា សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា និងសហព័ន្ធកីឡាគុនចម្រុះកម្ពុជា សរុប៦០រូប។ វគ្គនេះនឹងមានការប្រឡងប្រជែងក្នុងការទទួលយកសញ្ញាបត្រវគ្គអាជ្ញាកណ្ដាលកម្រិតទី១ មិនមែនឱ្យតែមករៀន ដឹងតែជាប់ទេ។ ការសិក្សាចែកចេញជា៤ប្រភេទ ទី១ គឺទ្រឹស្ដីអំពីយុទ្ធគុន បទបញ្ជាការប្រកួត និងបទបញ្ញត្តិផ្សេងៗទៀតរបស់យុទ្ធគុនចម្រុះខ្មែរបុរាណ។ ទី២ ការអនុវត្តលើទីលានរបស់អាជ្ញាកណ្ដាលចៅក្រម និង របៀបដាក់ពិន្ទុ។ ទី៣ ផ្ដោតលើចរិយាធម៌ និងសីលធម៌របស់អាជ្ញាកណ្ដាល ចៅក្រម ប្រកាន់យកភាពសុចរិត ទៀងត្រង់ យុត្តិធម៌ តម្លាភាព មិនលម្អៀង ចៀសឆ្ងាយពីភាពអគតិទាំង៤។"
វគ្គសិក្សាលើកនេះមានគ្រូឧទ្ទេស៥រូបដែលមានបទពិសោធរៀបចំការប្រកួតកន្លងមក ហើយការសិក្សាមានរយៈពេល២ថ្ងៃ ពោលនឹងបញ្ចប់នៅល្ងាចថ្ងៃទី២២ ខែមីនា។ សិក្ខាកាមដែលទទួលបានជោគជ័យក្នុងការប្រឡងនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ ហើយអ្នកជាប់នឹងមានសិទ្ធិចូលរួមរៀបចំការប្រកួតទាំងព្រឹត្តិការណ៍គុនចម្រុះ (MMA) និង យុទ្ធគុនចម្រុះខ្មែរបុរាណ។
ឯកឧត្ដម វ៉ាត់ ចំរើន ក៏បានថ្លែងអំណរគុណដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត
ដែលបានផ្ដល់ការឧបត្ថម្ភ និង
អនុញ្ញាតឱ្យមានការរៀបចំវគ្គអាជ្ញាកណ្ដាលចៅក្រមនេះកើតឡើង
ហើយវគ្គសិក្សានេះនឹងមានជាថ្មីពេលជិតដល់ការប្រកួតជាផ្លូវការ៕