ប្រធានាធិបតីប្រទេសអ៊ុយក្រែន ហ្សេលេនស្គី (Zelenskiy) បាននិយាយកាលពីថ្ងៃអាទិត្យ ទី20 ខែមេសាថា អ៊ុយក្រែនស្នើសុំឲ្យរុស្ស៊ីបោះបង់ចោលការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងគ្រាប់មីស៊ីល លើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលយ៉ាងហោចណាស់ 30 ថ្ងៃ។ លោក ហ្សេលេនស្គី បានបន្តថា "ប្រសិនបើរុស្ស៊ីមិនយល់ព្រមចំពោះជំហាននេះ វានឹងបញ្ជាក់យ៉ាងច្បាស់ថា រុស្ស៊ីមានបំណងចង់បន្តសម្លាប់អាយុជីវិតជនស៊ីវិល និងអូសបន្លាយសង្រ្គាម"។ គួរបញ្ជាក់ផងដែរថា ទាំងរុស្ស៊ី និងអ៊ុយក្រែន បានចោទប្រកាន់គ្នាជុំវិញការរំលោភលើបទឈប់បាញ់សម្រាប់ថ្ងៃបុណ្យ អីសស្ទឺ (Easter) ដែលប្រកាសដោយលោកប្រធានាធិបតីរុស្ស៊ី ពូទីន ដោយភាគីទាំងពីរបានចោទប្រកាន់ពីការវាយប្រហារលើគ្នាទៅវិញទៅមក។