ប្រធានាធិបតីប្រទេសកូរ៉េខាងត្បូង ដែលត្រូវបានបណ្តេញចេញពីអំណាច លោក យូន សុកយុល (Yoon Suk Yeol) បានបង្ហាញខ្លួននៅក្នុងសវនាការជាលើកទីពីរនៅថ្ងៃចន្ទ ទី21 ខែមេសានេះ ជុំវិញការបះបោរ។ តុលាការបានអនុញ្ញាតឲ្យប្រព័ន្ធផ្សព្វផ្សាយចូលរួមនៅក្នុងសវនាការ និងបានអនុញ្ញាតឲ្យអ្នកសារព័ត៌មានថតទិដ្ឋភាព និងរូបភាពអតីតប្រធានាធិបតីនៅក្នុងបន្ទប់សវនាការ។ គួរបញ្ជាក់ផងដែរថា ការប៉ុនប៉ងដាក់ច្បាប់អាជ្ញាសឹករបស់លោក យូន កាលពីខែធ្នូកន្លងទៅ បានធ្វើឲ្យប្រទេសកូរ៉េខាងត្បូង ធ្លាក់ទៅក្នុងភាពចលាចលអស់រយៈពេលជាច្រើនខែ ហើយបានជំរុញឲ្យតុលាការធម្មនុញ្ញ ដករូបលោកចេញពីតំណែងប្រធានាធិបតី។ តែយ៉ាងណាមិញ លោក យូន បានបដិសេធចំពោះចេតនារបស់លោក ដោយថាការប្រកាសដាក់ច្បាប់អាជ្ញាសឹកនេះ គឺជាការចាំបាច់ដើម្បីជូនដំណឹងដល់ប្រជាជនអំពីការប្រឆាំងរបស់គណបក្សប្រឆាំងភាគច្រើនតែប៉ុណ្ណោះ។