ភ្នំពេញ ៖ 

ស្រ្តីចំណាស់ម្នាក់ឈ្មោះ កែម សៀន អាយុ៧៦ឆ្នាំ ជាអ្នករស់នៅភូមិបេង    ឃុំពូន ស្រុកកញ្រ្ជៀច ខេត្តព្រៃវែង បានមកស្នាក់នៅផ្ទះជួលជាមួយកូនប្រុសពៅរបស់គាត់ម្នាក់ឈ្មោះ លី ឡឹង អាយុ៣២ឆ្នាំ មុខរបរកម្មកររោងចក្រ នៅក្នុងបន្ទប់ជួលមួយកន្លែងស្ថិតនៅម្ដុំខាងលិចផ្សារទួលពង្រ ភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ 

គាត់ទើបមកស្នាក់នៅទីនោះបានរយៈពេលជាង១ខែប៉ុណ្ណោះ ហើយនៅវេលាល្ងាច    ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ គាត់បានចេញទៅផ្សារទួលពង្រ ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ដើម្បីរកទិញម្ហូបទុកសម្រាប់ឲ្យកូនប្រុសពៅហូបពេលចេញពីធ្វើការវិញ។ 

ខណៈនោះក៏ស្រាប់តែវង្វេងរកផ្លូវទៅផ្ទះជួលនោះវិញអត់ឃើញសោះ គាត់បានដើររក តាំងពីវេលាល្ងាចរហូតដល់វេលាម៉ោង១២យប់ពាក់កណ្ដាលអាធ្រាត្រថ្ងៃដដែលតែរកមិនឃើញឡើយ។ ក្រោយមកអ្នកភូមិបានឃាត់ឲ្យគាត់នៅមួយកន្លែង បន្ទាប់មកបានដឹកយកទៅប្រគល់ឲ្យនគរបាល ហើយដោយយប់ជ្រៅទៅហើយទើបនគរបាលក៏បាននាំបន្តទៅកាន់សាលាសង្កាត់ចោមចៅទី២ ឲ្យគាត់សម្រាកនៅទីនោះ១យប់សិន ដើម្បីស្រាវជ្រាវរកកូនឲ្យទៅទទួលយកវិញ។

ស្រ្តីខាងលើបានប្រាប់ថា គាត់បានវង្វេងផ្ទះបែបនេះ២លើកហើយ លើកទី១កាលពីប៉ុន្មានខែមុនពេលមកលេងកូននៅផ្ទះជួលខាងលើនេះគាត់បានចេញទិញម្ហូប ហើយក៏វង្វេងរកផ្លូវទៅផ្ទះវិញអត់ឃើញម្ដងរួចមកហើយ។ ពេលនោះគាត់បានដើររហូតដល់ស្ទឹងព្រែកត្នោតចម្ងាយប្រមាណ ២០គីឡូម៉ែត្រពីផ្ទះជួល បន្ទាប់មកត្រូវបាននគរបាលធ្វើការស្រាវជ្រាវរកកូនប្រុសគាត់ឃើញ និងឲ្យទៅយកគាត់ត្រលប់ទៅផ្ទះជួលវិញ ស្រាប់តែឥឡូវគាត់បានវង្វេងជាលើកទី២បែបនេះទៀត ព្រោះតែចេញរកទិញម្ហូប       ដដែល។

រហូតមកដល់វេលាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ អាជ្ញាធរសង្កាត់ចោមចៅទី២ បានទិញបាយឲ្យគាត់ហូប និងស្វែងរកផ្ទះជួលដែលគាត់ខាងលើស្នាក់នៅនោះ ប៉ុន្តែរកពុំទាន់រកឃើញនៅឡើយ។ អាជ្ញាធរក៏បានអំពាវនាវដល់លោក លី ឡឹង ដែលជាកូនប្រុសពៅ បើបានទទួលដំណឹងនេះហើយសូមទៅទទួលយកលោកយាយ កែម សៀន ដែលជាម្ដាយត្រលប់ទៅផ្ទះវិញផង៕