តារាសម្តែងស្រីថៃដ៏ល្បីល្បាញនាង ផេនខេក ខេម៉ានីត នៅតែមានប្រជាប្រិយភាព និងទទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ដដែលពីមហាជន បើទោះបីជាតារាស្រីរូបនេះបានរៀបអាពាហ៍ពិពាហ៍ទៅហើយក្តី។ យ៉ាងណាមិញ កាលពីពេលថ្មីៗកន្លងទៅនេះ មហាជនជាច្រើនបានកើតជាចម្ងល់ ចំពោះគូស្នេហ៍ពួកគេទាំងពីរ ពោលគឺបន្ទាប់ពីរៀបការរួចបានប្រហែលជាបីឆ្នាំមកនេះ នៅមិនទាន់ចេញមកប្រកាសពីដំណឹងល្អពីការមានទាយាទស្នងត្រកូលនៅឡើយទេ។ ជុំវិញនឹងចម្ងល់របស់មហាជនទាំងនោះ ផេនខេក បានឱ្យដឹងថា ការដែលមិនទាន់យកកូននៅពេលនេះ ក៏ព្រោះតែនៅមិនទាន់មានពេលវេលាគ្រប់គ្រាន់ក្នុងការយកកូននោះទេ ព្រោះទាំងស្វាមី និងខ្លួន កំពុងមានភាពមមាញឹកការបំពេញការងារទាំងក្នុងនិងក្រៅប្រទេស។ ផេនខេកបានបន្តឱ្យដឹងទៀតថា ចំពោះលទ្ធផលពិនិត្យសុខភាពរបស់នាង និងស្វាមី គឺរឹងមាំល្អណាស់ អាចយកកូនបានតាមធម្មជាតិ។ ដោយឡែកខាងគ្រួសារឯណោះវិញ ក៏មិនបានបង្ខំទៅលើរឿងមួយនេះដែរ។

គួរឱ្យដឹងថា តារាសម្តែងស្រី ផេនខេក ខេម៉ានីត និង ស្វាមី បានចូលរោងជ័យ កាលពីថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២២៕