ក្រុមបាល់ទះវិសាខា បាននាំចូលកីឡាករបរទេស ៤រូប សម្រាប់ត្រៀមការពារជើងឯកពានរង្វាន់ The Win+Steak Volleyball Invitation (WSVI) 2025 នៅកោះតៃវ៉ាន់ នាចុងខែមេសានេះ ក្នុងនោះមានកីឡាករបារាំង ៣រូប .
ថ្លែងក្នុងឱកាសទទួលស្វាគមន៍កីឡាករមកពីទ្វីបអឺរ៉ុបទាំង ៤រូប នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ កាលពីល្ងាចថ្ងៃទី១៩ ខែមេសា លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានបញ្ជាក់ថា នេះគឺជាភារកិច្ចមួយដ៏សំខាន់ ក្នុងនាមក្លិបតំណាងប្រទេស ដែលថ្នាក់ដឹកនាំក្រុមបាល់ទះ វិសាខា បានសម្រេចនាំចូលកីឡាករបារាំង ៣រូប និងអាល្លឺម៉ង់ម្នាក់ ដើម្បីការពារជើងឯកពានរង្វាន់កម្រិតអន្ដរជាតិ WSVI 2025 នៅកោះតែវ៉ាន់ ដែលប្រជុំដោយក្លិបខ្លាំងៗចូលរួម។
លោកទទួលស្គាល់ដំណើរទៅប្រជែងជើងឯក គឺជារឿងដ៏ពិបាក តែបេសកកម្មការពារតំណែងជើងឯកកាន់តែពិបាក។ ដូច្នេះលោករំពឹងថា ការប្រកួតឆ្នាំនេះ នឹងកាន់តែល្អមើល ដ្បិតក្នុងនាមក្លិបតំណាងកម្ពុជា វិសាខា នឹងត្រូវប្រឈមជាមួយក្លិបធំៗប្រចាំប្រទេស ក្នុងព្រឹត្តិការណ៍នេះ គឺមានក្លិបមកពីសាធារណរដ្ឋកូរ៉េ ២ក្រុម, ថៃ ១ក្រុម, ម៉ាឡេស៊ី ១ក្រុម, ឥណ្ឌូនេស៊ី ១ក្រុម និងក្រុមម្ចាស់ផ្ទះតៃវ៉ាន់ ២ក្រុម ដែលប្រើប្រាស់សុទ្ធតែកីឡាករល្អៗ ជាក់ស្ដែងក្លិបមកពីម៉ាឡេស៊ី ដែលភាគច្រើនប្រើប្រាស់កីឡាករជម្រើសជាតិឥណ្ឌា។
បែបនេះក្ដីលោកបានចាត់ទុកនេះ គឺជាឱកាសមួយដ៏ល្អផងដែរ ក្រៅពីការពង្រឹងក្រុមការពារតំណែងជើងឯក ក៏ជាឱកាសសម្រាប់កីឡាករកម្ពុជា ពិសេសបេក្ខភាពកីឡាករជម្រើសជាតិកម្ពុជា ក្នុងការដកពិសោធន៍ និងបច្ចេកទេសជាមួយកីឡាករអាជីពកម្រិតអន្ដរជាតិ ដើម្បីត្រៀមការប្រកួតបាល់ទះជើងឯកអាស៊ីអាគ្នេយ៍ (SEA V.League) ឆ្នាំ២០២៥ នាខែកក្កដា និងត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាចុងឆ្នាំ២០២៥ នេះផងដែរ តាមរយៈការហ្វឹកហាត់ និងការប្រកួតលើទីលានផ្ទាល់ជាមួយគ្នា នាពេលឆាប់ៗខាងមុខ។
គួរដឹងថា ពានរង្វាន់ The Win Streak Volleyball Invitational 2025 គ្រោងនឹងធ្វើការប្រកួតពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ ខាងមុខ។ សម្រាប់ក្រុមការពារតំណែងជើងឯក វិសាខា របស់កម្ពុជា គឺស្ថិតក្នុងពូលA ជាមួយក្រុមជើងឯកលីគកំពូលកូរ៉េខាងត្បូង, ប៉ះក្រុមមកពីម៉ាឡេស៊ី និងក្រុម របស់តៃវ៉ាន់ ។