រាជធានីភ្នំពេញ ៖ 

ជនសង្ស័យចំនួន២នាក់ជិះម៉ូតូម៉ាកScoopy មួយគ្រឿងធ្វើសកម្មភាពឆក់ទូរសព្ទ ម៉ាក iphone ពីបុរសជនបរទេសម្នាក់មិនបានសម្រេច ត្រូវបានជនបរទេសរត់ទៅទាញអាវ ជាប់ពីក្រោយ បណ្តាលឲ្យម៉ូតូដួលរួចជនសង្ស័យទាំង២នាក់បានរត់គេចខ្លួនដោយបន្សល់ ទុកនៅទូរសព្ទម៉ាក iphone ចំនួន២គ្រឿងនិងម៉ូតូ១គ្រឿងត្រូវសមត្ថកិច្ចយកទៅរក្សាទុក។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះដែរស្ថិតតាមបណ្ដោយផ្លូវ ៥៥ កែង២២៨ សង្កាត់ ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ វេលាម៉ោង ៩:០៥នាទីយប់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ ២០២៥។

បើតាមការបញ្ជាក់ពីកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញបុរសរង គ្រោះជាជនបរទេសនៅអង្គុយហូបបាយជាមួយនិងនារីម្នាក់ ក្បែរកន្លែងកើតហេតុខាងលើ ក្រោយមកដោយទូរសព្ទអត់មានសេវ៉ាក៏ជនបទេសរូបនោះឡើងចេញពីតុហូបបាយដើទៅ ផ្លូវកែងលេខ២២៨ ។

ភ្លាមនោះដែរស្រាប់តែគេឃើញលេចមុខជនសង្ស័យមានគ្នាចំនួន២នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា Scoopy ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 1IU-4815 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៥៥ក្នុងទិសដៅពីជើងមកត្បូង រួចក៏ធ្វើសកម្មភាពឆក់ទូរសព្ទពីដៃបុរសជនបរទេសតែមិនបានសម្រេច បម្រុងនិងបន្តល្បឿនបើករត់ តែត្រូវបានជនបរទេសលោតទៅចាប់កអាវជនសង្ស័យជាប់ បណ្តាលឲ្យដួលម៉ូតូ ហើយជនសង្ស័យទាំងពីរនាក់ ក៏បានរត់គេចខ្លួនចេញពីចំណុចកើតហេតុ បានបន្សល់ទុកនូវទូរសព្ទ iPhone ចំនួន ២ គ្រឿងនិង ម៉ូតូម៉ាកហុងដា Scoopyស៊េរីឆ្នាំ២០២១ ពណ៌ស មួយគ្រឿង ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌដូនពេញ យកទៅរក្សាទុក រង់ចាំធ្វើការស្រាវជ្រាវដើម្បីតាមឃាត់ជនសង្ស័យទាំង២នាក់ យកមកចាត់ការតាមនីតិវិធីច្បាប់៕