ព្រឹត្តិការណ៍ប្រកាសពានរង្វាន់ ធូ សៅហ្សឹនដ៍ ធ្វិនធី ហ្វាយ អេយ៍សៀ អាធីសថ៍ អឹវ៉ដ “2025 Asia Artist Awards (AAA)” បានចេញមកប្រកាសជាផ្លូវការហើយថាកំពូលតារា លី ជុនហូ (Lee Junho) មកពីក្រុមចម្រៀង 2PM និង ចាង វ៉ុនយ៉ុង (Jang Won-young) មកពីក្រុមចម្រៀង អ៊ីហ្វ (IVE) នឹងធ្វើជាពិធីករ ពិធីការិនីនៅក្នុងកម្មវិធីនេះ នៅថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២៥។
កាលពីពេលថ្មីៗកន្លងទៅនេះ គណៈគ្រប់គ្រងកម្មវិធី AAA បានចេញមកប្រកាសថាព្រឹត្តិការណ៍ ធូ សៅហ្សឹនដ៍ ធ្វិនធី ហ្វាយ អេយ៍សៀ អាធីសថ៍ អឹវ៉ដ “2025 Asia Artist Awards (AAA)” គឺជាការអបអរគម្រង់ខួប ១០ ឆ្នាំ របស់កម្មវិធីមួយនេះ ដោយការៀបចំនឹងធ្វើឡើងរយៈពេល ២ ថ្ងៃ ពោលគឺមានកម្មវិធីពិធីប្រកាសពានរង្វាន់នៅថ្ងៃទី ៦ ខែធ្នូ និងកម្មវិធីនៅថ្ងៃបន្ទាប់មានឈ្មោះថា ថេន អ៊ែនិវ៉ឺសសឹរី អេអេអេ ហ្វេស្តា “10th Anniversary AAA Festa” ធ្វើឡើងនៅថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០២៥។ បន្ថែមពីនេះ គេក៏បានអះអាងដែរថា ចាង វ៉ុនយ៉ុង (Jang Won-young) សមាជិកក្រុម អ៊ីហ្វ (IVE) និង លី ជុនហូ (Lee Junho) សមាជិកក្រុម 2PM នឹងធ្វើជាពិធីករ ពិធីការិនី នៅថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២៥។
នេះគឺជាឆ្នាំទី ៥ របស់ ចាង វ៉ុនយ៉ុង (Jang Won-young) ហើយដែលបានធ្វើជាពិធីការិនីឱ្យកម្មវិធីប្រកាសពានរង្វាន់ AAA ពោលគឺរាប់ចាប់តាំងពីឆ្នាំ ២០២១ មកម្ល៉េះ។ នៅក្នុងនោះនាងថែមទាំងទទួលបានពានរង្វាន់មួយដែលមានឈ្មោះថា ឃ្វីន អ៊ហ្វ អេអេអេ “Queen of AAA” កាលពីឆ្នាំ ២០២៤ ផងដែរ។
ដោយឡែក លី ជុនហូ (Lee Junho) ឯនេះវិញ នឹងឡើងលើវេទិកា AAA ក្នុងនាមជាពិធីករជាលើកដំបូងរបស់ខ្លួន។ ប៉ុន្តែកន្លងមក តារាប្រុសខាងលើក៏ធ្លាប់ឈ្នះពាន តារាសម្តែងប្រុសប្រចាំឆ្នាំ (Actor of the Year) ពីរឆ្នាំជាប់ៗគ្នារួចមកហើយដែរ គឺនៅក្នុងឆ្នាំ ២០២២ និង ២០២៣។
គួរឱ្យដឹងថា ការដែលអ្នកគ្រប់គ្រងបានរៀបចំឱ្យពួកគេទាំងពីរបានធ្វើជាអ្នកដំណើរការនៃកម្មវិធីនេះ មិនត្រឹមតែជាការបង្កើតប្រវត្តិសាស្ត្រថ្មីប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏អាចជាទីចាប់អារម្មណ៍របស់មហាជនផងដែរ៕