នៅលើបណ្តាញសង្គមថ្មីៗនេះ បានក្លាយទៅជាប្រធានបទមួយ ដែលអ្នកនៅក្នុងវិស័យភាពយន្ត កំពុងតែជជែកវែកញែកគ្នា ក្រោយផលិតកម្ម Media Load ត្រៀមផលិតរឿង កំណត់ហេតុចុងក្រោយ។ ការផលិតរឿងរបស់ផលិតកម្មខាងលើ បានធ្វើឱ្យផលិតកម្ម LD Picture ហាក់សម្តែងការមិនពេញចិត្ត ក៏ព្រោះតែរឿងនេះ និយាយពីរឿងរ៉ាវស្នេហារបស់លោកសំណាង និងគូស្នេហ៍ មុនកើតហេតុការណ៍ភ្លើងឆេះក្លឹបក្រោមដី ដែលផលិតកម្ម LD បានផលិតរួចមកហើយ និងក៏ទទួលបានការគាំទ្រខ្លាំងនៅអំឡុងពេលចាក់បញ្ចាំងផងដែរ។

បើយោងតាមការបង្ហោះរបស់គូស្នេហ៍របស់លោក សំណាង ដែលមានគណនេយ្យហ្វេសប៊ុកឈ្មោះថា Pas Mine បានឱ្យដឹងថា នាងបានផ្តល់សិទ្ធិទៅឱ្យលោក អ៊ិន វិចិត្រ ដែលជាម្ចាស់ផលិតកម្ម Media Load ក្នុងការផលិតឡើងវិញនូវរឿងរ៉ាវស្នេហារបស់នាង និង លោក សំណាង ដែលជាតួអង្គពិតនៅក្នុងហេតុការណ៍ភ្លើងឆេះក្រោមដីនៅសៀមរាប ដោយរឿងដែលត្រៀមនឹងថតនេះមានចំណងជើងថា “កំណត់ហេតុចុងក្រោយ”។

យ៉ាងណាមិញលោក លៀក លីណា ដែលជាថ្នាក់ដឹកនាំមួយរូបនៅផលិតកម្ម LD ក៏បានចេញមកប្រតិកម្មចំយ៉ាងដូច្នេះថា “ការដែលយកcreditsតួ(star power) មកប្រើគឺមិនខុសទេ តែបើប្រើឈ្មោះដូចគ្នាទៀត ហើយមិនមែនមួយក៏មិនមែនពីរ គឺ៣ តែម្តង។ នេះសរបញ្ជាក់អោយឃើញពីតំលៃ នៃម្ចាស់គំនិត។

សំណាង 

មិនា

ពិសី

វាមិនដែលសូម្បីតែព្រាយក៏មិនលើកលែង សង្ឃឹមថាព្រាយមិនមែនរ៉ូបក្រហមចុះ”។

តាមរយៈការប្រតិកម្មខាងលើ លោក អ៊ិន វិចិត្រ ម្ចាស់ផលិតកម្ម Media Load បានឆ្លើយតបទៅវិញថា “មុនធ្វើរឿងអត់បានសុំសិទ្ធិ ធ្វើហើយក៏អត់ កំពុងចាក់ក៏អត់សុំ ដល់ចាក់ជិតចប់អត់បានសុំសិទ្ធិទៀត បានផលប្រយោជន៍ច្រើនមហាសាលហើយ ឥឡូវទៅបិទម្ចាស់កម្មសិទ្ធដែលគាត់ចង់ប្រាប់រឿងស្នេហាគាត់ពិត។ គ្មានអ្នកណាជាម្ចាស់សិទ្ធិលើព្រឹត្តិការណ៍ពិតនោះទេ ហើយសិទ្ធិនៅលើបុគ្គលនីមួយៗ ដែលក្នុងហេតុការណ៍ពិត”។ លោកបញ្ជាក់បន្ថែមថា រឿងកំណត់ហេតុចុងក្រោយ មិនមែនជារឿងតភាគពីសាច់រឿងណានោះទេ គឺជាប្រវត្តិស្នេហារបស់ Pas Mine ដែលគាត់ចង់ធ្វើរឿងពិតរបស់គាត់ ។ ឈ្មោះតួស្រីគឺឈ្មោះ Pas”។

ដោយឡែកងាកទៅកាន់តួអង្គ សំណាង និងពិសី នៅក្នុងរឿងភ្លើងឆេះក្លឹបក្រោមដីឯណោះវិញ បានបដិសេធមិនចូលរួមសម្តែងនៅក្នុងរឿង កំណត់ហេតុចុងក្រោយ របស់ផលិតកម្ម Media Load នោះទេ៕