តារាចម្រៀងនិងសម្តែងស៊-យ៉ុន (Seohyun) សមាជិកក្រុម SNSD សម្រេចចិត្តលើកដៃលាផលិតកម្ម ណាម៉ូ អ៊ែកទ័រ (Namoo Actor) បន្ទាប់ពីបានរួមការងារជាមួយគ្នាអស់ជាច្រើនឆ្នាំ។ ផលិតកម្មនេះបានចេញមកអះអាងថា តារាស្រីរូបនេះបានអស់កុងត្រាជាផ្លូវការជាមួយផលិតកម្មហើយ និងថែមទាំងបានជូនពរសម្រាប់ការបន្តដើរនៅលើវិថីសិល្បៈរបស់នាងផងដែរ។
យោងតាមការចេញប្រកាសរបស់ផលិតកម្ម ណាម៉ូ អ៊ែកទ័រ (Namoo Actor) កាលពីថ្ងៃទី ២៤ ខែមេសា បានឱ្យដឹងយ៉ាងដូច្នេះ៖
“សួស្តី នេះគឺជា ណាម៉ូ អ៊ែកទ័រ Namoo Actors
ក្រោយពេលបាននិយាយគ្នាយ៉ាងល្អិតល្អន់ យើងបានសម្រេចរួមគ្នាមួយនូវការបញ្ចប់សម្ព័ន្ធភាពក្នុងនាមជាផលិតកម្មនិងតារាសម្តែង
យើងសូមអរគុណ ស៊-យ៉ុន (Seohyun) ចេញពីចិត្ត ដែលបានធ្វើជាតារាសម្តែងដ៏អស្ចារ្យក្រោមសេចក្តីទុកចិត្តឱ្យគ្នាទៅវិញទៅមកជាច្រើនឆ្នាំមកនេះ
រួមទាំង អរគុណដល់បណ្តាអ្នកគាំទ្រ ដែលបានផ្តល់ក្តីស្រឡាញ់និងការគាំទ្រជាបន្តបន្ទាប់
ណាម៉ូ អ៊ែកទ័រ (Namoo Actors) នឹងនៅតែគាំទ្រ ស៊-យ៉ុន (Seohyun) ដោយចិត្តស្មោះ រាល់ការបោះជំហានបន្តដំណើរនៅថ្ងៃខាងមុខរបស់នាង”។
គួរឱ្យដឹងថា ការចេញចាកចេញនេះ ពោរពេញដោយក្តីគោរពនិងការយល់ព្រម ប៉ុន្តែក៏បង្កជាការភ្ញាក់ផ្អើលទៅកាន់អ្នកគាំទ្រផងដែរ។ ក្រៅពីនេះ ស៊-យ៉ុន (Seohyun) ក៏បាននឹងកំពុងមានការសម្តែងនៅក្នុងភាពយន្តថ្មីដែលមានឈ្មោះថា ហូលី ណៃ ដេម៉ន់ ដេម៉ន់ ហាន់ធើ (Holy Night: Demon Hunters) ដែលបានសម្តែងរួមគ្នាពីតារាល្បីៗជាច្រើនរូប និងត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តក្នុងប្រទេសកូរ៉េ នៅថ្ងៃទី ៣០ ខែមេសា ឆាប់ៗខាងមុខនេះផងដែរ៕