ប្រទេសប៉ាគីស្ថាន បានបើកការវាយប្រហារលើទីតាំងយោធារបស់ប្រទេសឥណ្ឌាចំនួន 26 កន្លែង ខណៈដែលយន្តហោះគ្មានមនុស្សបើកជាច្រើនគ្រឿងរបស់ខ្លួន បានហោះលើទីក្រុងសំខាន់ៗរបស់ប្រទេសឥណ្ឌា រួមទាំងរដ្ឋធានីញូវដែលី ក្នុងប្រតិបត្តិការវាយលុកកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន។ បទឈប់បាញ់មួយដែលបានចូលជាធរមានកាលពីថ្ងៃសៅរ៍ ទី10 ខែឧសភា បន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងខ្លាំងរយៈពេល 4 ថ្ងៃរវាងប្រទេសប្រដាប់អាវុធនុយក្លេអ៊ែរទាំងពីរនេះ ដោយប្រើប្រាស់គ្រាប់មីស៊ីល និងយន្តហោះគ្មានមនុស្សបើកលើគ្នាទៅវិញទៅមក ដោយបានសម្លាប់មនុស្សប្រមាណ 70 នាក់។ ប៉ុន្តែត្រឹមតែប៉ុន្មានម៉ោងក្រោយមក ការវាយប្រហារបានផ្ទុះឡើងសារជាថ្មីម្តងទៀត នៅក្នុងតំបន់កាស្មៀរបស់ប្រទេសឥណ្ឌា ដោយប្រទេសទាំងពីរបានចោទប្រកាន់គ្នាទៅវិញទៅមក ថាបានរំលោភលើបទឈប់បាញ់។