កាលពីថ្ងៃអាទិត្យ ទី18 ខែឧសភា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ប៊េនចាម៊ីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានប្រកាសសម្រេចបើកផ្លូវដឹកជញ្ជូនជំនួយចូលមកក្នុងតំបន់ហ្គាហ្សា ដើម្បីអនុញ្ញាតឲ្យមានការផ្តល់ជំនួយមានកម្រិត។ សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា អ៊ីស្រាអែល នឹងអនុញ្ញាតឲ្យមានការដឹកជញ្ជូនជំនួយ "មូលដ្ឋាន" សម្រាប់ប្រជាជនដែលរស់នៅក្នុងតំបន់ហ្គាហ្សា ដើម្បីការពារវិបត្តិអត់ឃ្លាន។ តែយ៉ាងណាមិញ សេចក្តីថ្លែងការណ៍មិនបានបញ្ជាក់ថាពេលណា ជំនួយនឹងចាប់ផ្តើមដំណើរការ ឬតាមរយៈយន្តការអ្វីនោះដែរ។ គួរបញ្ជាក់ផងដែរថា យោងតាមទីភ្នាក់ងារអង្គការសហប្រជាជាតិបានរាយការណ៍ថា ស្ថានភាពមនុស្សធម៌នៅក្នុងតំបន់ហ្គាហ្សា កាន់តែវិវឌ្ឈន៍ទៅរកភាពលំបាកខ្លាំង ចាប់តាំងពីយោធាអ៊ីស្រាអែលបិទផ្លូវជំនួយកាលពីថ្ងៃទី 2 ខែមីនា ខណៈដែលប្រមាណ 93 ភាគរយនៃប្រជាជនរស់នៅតំបន់ហ្គាហ្សា បច្ចុប្បន្ន កំពុងប្រឈមនឹងគ្រោះទុរ្ភិក្ស។